(បែរឡាំង)៖ អាល្លឺម៉ង់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចោទប្រកាន់រុស្ស៉ីពីការប្រើប្រាស់ខ្សែអាត់សំលេងដែលបែកធ្លាយ ជុំវិញកិច្ចពិភាក្សារបស់យោធាអាល្លឺម៉ង់ស្តីពីការគាំទ្រអ៊ុយក្រែនប្រឆាំងរុស្ស៉ី ថាមានបំណងបំបែកបំបាក់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ ២០២៤។

កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានចេញផ្សាយខ្សែអាត់សារសំលេងនៃកិច្ចប្រជុំក្រុមមន្រ្តីជាន់ខ្ពស់យោធាអាល្លឺម៉ង់ ដែលធ្វើឡើងតាមរយៈប្រព័ន្ធ Webex ដើម្បីពិភាក្សាអំពីការផ្តល់អាវុធឱ្យអ៊ុយក្រែន និងការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានគ្រីមៀ។ ក្រុមមន្រ្តីបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការបញ្ជូនមីស៉ីល Taurus ទៅកាន់ទីក្រុងកៀវ ដែលអធិការបតី លោក Olaf Scholz ធ្លាប់បដិសេធជាសាធារណៈ ហើយពិភាក្សាគ្នាផងដែរអំពីរបៀបដែលបារាំង អង់គ្លេសត្រូវចែកចាយ និងប្រតិបត្តិការមីស៉ីគ្រូសជាមួយអាវុធរយៈចម្ងាយខ្លី។

អាល្លឺម៉ង់ បានទទួលស្គាល់នូវខ្លឹមសារក្នុងខ្សែអាត់សំលេងរយៈពេល ៣៨នាទីនោះ ហើយថាខ្លួនកំពុងស៉ើបអង្កេតលើទង្វើជាក់ស្តែងនៃការលួចស្តាប់ដោយរុស្ស៉ី ដែលជាផ្នែកមួយសង្រ្គាមព័ត៌មាន។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ថា «សង្រ្គាមព័ត៌មានវិទ្យានេះ មានគោលបំណងបង្កើតអសន្តិសុខ និងធ្វើឱ្យយើងបែកបាក់គ្នា ហើយជាអ្វីដែលយើងនឹងមិនអនុញ្ញាតឡើយ។ យើងកំពុងទាក់ទងជាប់ជានិច្ចជាមួយដៃគូរបស់យើង»

គួរបញ្ជាក់ថា ថ្មីៗនេះ អាល្លឺម៉ង់បានរងនូវការបែកធ្លាយព័ត៌មានសន្តិសុខមួយចំនួន ខណៈដែលអាជ្ញាធរបានចាប់ខ្លួនបុគ្គលិកម្នាក់របស់ទីភ្នាក់ងារស៉ើបការណ៍បរទេស ដែលសង្ស័យថាបានធ្វើចារកម្មឱ្យរុស្ស៉ីកាលពីចុងឆ្នាំ ២០២២៕

រូបភាពពី Reuters