(ទីរ៉ាណា)៖ លោកនាយករដ្ឋមន្ត្រី Edi Rama បាននិយាយថា អាល់បានីដែលសមាជិកអង្គការណាតូ (NATO) និងគ្មានយន្តហោះចម្បាំងផ្ទាល់ខ្លួន ឥលូវនេះបានបើកមូលដ្ឋានសល់ពីសម័យសូវៀតដែលជួសជុលរួច ដើម្បីឱ្យយន្តហោះរបស់ណាតូមកឈរជើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ ២០២៤។

អង្គការណាតូ បានចំណាយថវិកាប្រហែល ៥៤.២៦លានដុល្លារលើមូលដ្ឋានទ័ពអាកាស Kucova ដើម្បីបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់។ កន្លងមក ដែនអាកាសលើសមុទ្រ Adriatic នៃប្រទេសអាល់បានី មានព្រំប្រទល់ជាប់ក្រិកនៅប៉ែកខាងត្បូង និងប្រទេសម៉ុងតេណេហ្គ្រោនៅប៉ែកខាងជើង ត្រូវបានការពារដោយអ៉ីតាលី និងក្រិក។

លោក Rama បានថ្លែងក្នុងពិធីសម្ភោធជាផ្លូវការថា «នេះគឺជាមូលដ្ឋានដែលនឹងបន្ថែមធាតុចូល ផ្នែកការពារសន្តិសុខមួយផ្សេងទៀត សម្រាប់តំបន់បាល់កង់ខាងលិចរបស់យើង ដែលយើងទាំងអស់គ្នាដឹងហើយថា វាជាតំបន់ឆ្លងផុតពីការគំរាមកំហែង និងមហិច្ឆតាចក្រពត្តិនិយមរបស់រុស្ស៉ី»។

គួរបញ្ជាក់ថា យន្តហោះចម្បាំង ២គ្រឿងដែលហោះហើរមកពីមូលដ្ឋានទ័ពអាកាស Aviano របស់ណាតូនៅអ៉ីតាលីបានចុះចតនៅមូលដ្ឋានទ័ពអាកាស Kucova ដើម្បីប្រារព្ធពិធីបើកដំណើរការឡើងវិញ។ មូលដ្ឋាននេះមានទីតាំងនៅទីប្រជុំជនតូចមួយនៃទីក្រុង Kucova ដែលគេធ្លាប់ស្គាល់ថាជា «ទីក្រុង Stalin» និងជាទីដែលយន្តហោះចម្បាំង MIGs ផលិតដោយសូវៀត និងចិន បញ្ឈរជើងរង់ចាំបញ្ជាវាយលុក ក្នុងករណីមានសង្រ្គាមជាមួយលោកខាងលិច៕

រូបភាពពី Reuters