(ប៉ារីស)៖ តំណាងរាស្ត្របារាំង កាលពីថ្ងៃចន្ទ ទី៤ ខែមីនា បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប លើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ចូលសិទ្ធិរំលូតកូន ទៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេស ហើយនេះបានឱ្យបារាំងក្លាយជាប្រទេសដំបូងគេបំផុតក្នុងពិភពលោកដែលបញ្ចូលសិទ្ធិរំលូតកូនទៅក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេចក្ដីព្រាងច្បាប់ខាងលើត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាបារាំង ក្នុងសំឡេងគាំទ្រ ៧៨០ ទល់នឹង៧២សំឡេងជំទាស់ ខណៈបណ្ដាអង្គការធ្វើការពាក់ព័ន្ធនឹង សិទ្ធិស្ត្រីបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការអនុម័តនេះដែលត្រូវបានសន្យាឡើងដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីតុលាការកំពូលអាមេរិកលុបចោលសិទ្ធិរំលូតកូន កាលពីឆ្នាំ២០២២។

គួរបញ្ជាក់ថា សិទ្ធិរំលូតកូននៅក្នុងប្រទេសបារាំងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ បើធៀបទៅនឹងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ដោយការស្ទង់មតិ បង្ហាញថា៨០ភាគរយនៃប្រជាជនបារាំងយល់ថាការរំលូតកូនគឺជារឿងស្របច្បាប់៕

រូបភាពពី Reuters