(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng នៅថ្ងៃអង្គារ ទី៥ ខែមីនានេះបាននិយាយថាកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ នឹងបង្កើនការធ្វើសមយុទ្ធ បាញ់មីស៊ីល នៅក្នុងឆ្នាំ២០២៤នេះ ចំពោះមុខការកើនឡើងសម្ពាធយោធា និងការបង្កើនកញ្ចប់ថវិកាយោធារបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានបង្កើនការធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងនោះ រួមមានទាំងការបញ្ជូនយន្ដហោះចម្បាំងហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Chiu Kuo-cheng បានឱ្យដឹងថាក្រសួងការពារជាតិតៃវ៉ាន់នឹងបង្កើនការធ្វើសមយុទ្ធបាញ់មីស៊ីលឱ្យកាន់តែញឹកញាប់ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរមួយ នៅក្នុងការគំរាមកំហែងពីសត្រូវ។

តាមលោក Chiu កាលពីអតីតកាល ការធ្វើសមយុទ្ធបាញ់មីស៊ីល ត្រូវបានធ្វើឡើងក្រោមការរឹតត្បិត ដើម្បីបញ្ចៀសផលប៉ះពាល់ដល់អាកាសចរណ៍ស៊ីវិល និងការរស់នៅរបស់ប្រជាជនតៃវ៉ាន់។ តែសព្វថ្ងៃ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់រូបនេះជឿថាតៃវ៉ាន់ត្រូវតែពិចារណាលើការពង្រឹងការបណ្ដុះបណ្ដាល និងបង្កើនការធ្វើ តេស្ដមីស៊ីលស្របទៅតាមច្បាប់។

គួរបញ្ជាក់ថា ការប្រកាសពីការបង្កើនការធ្វើសមយុទ្ធយោធារបស់លោក Chiu Kuo-cheng កើតឡើងចំពេលចិនត្រូវបានរាយការណ៍ថានឹងបង្កើនការចំណាយលើ កញ្ចប់ថវិកាការពារជាតិ ៧.២ភាគរយក្នុងឆ្នាំ២០២៤នេះ៕

រូបភាពពី AFP