(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃអង្គារ ទី៥ ខែមីនានេះបាននិយាយថានាវារបស់ខ្លួនមួយគ្រឿងបានរងការខូចខាត ក្រោយការបុកទង្គិចគ្នាជាមួយ នាវាឆ្មាំសមុទ្រចិនមួយគ្រឿង អំឡុងបេសកកម្មផ្គត់ផ្គង់មួយក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ឆ្មាំសមុទ្រហ្វីលីពីនបានគូសបញ្ជាក់ថានាវាឆ្មាំសមុទ្រចិនបានធ្វើសកម្មភាពប្រកបដោយ គ្រោះថ្នាក់ និងរារាំងខ្ទប់ រហូតបង្កឱ្យមានការបុកទង្គិចគ្នាដែលបណ្ដាលឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីនរងការខូចខាតបន្តិចបន្តួច។ តាមឆ្មាំសមុទ្រហ្វីលីពីន នាវា BRP Sindangan រួមជាមួយនាវាអមដំណើរមួយគ្រឿងត្រូវបានដាក់ពង្រាយដើម្បីគាំទ្រដល់បេសកកម្មផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន។

ប៉ុន្តែ នៅថ្ងៃអង្គារនេះដែរ សារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍ថាឆ្មាំសមុទ្រចិនបានចាត់វិធានការស្របច្បាប់ប្រឆាំងនឹងនាវាមួយគ្រឿងរបស់ ហ្វីលីពីន ដែលបានធ្វើដំណើរចូលដោយខុសច្បាប់ក្នុងដែនទឹកក្បែរតំបន់ថ្មប៉ប្រទឹក Second Thomas Shoal គ្រប់គ្រងដោយចិន។ ការប៉ះទង្គិចគ្នារបៀប នេះរវាងនាវាឆ្មាំសមុទ្រចិន និងហ្វីលីពីនក៏ធ្លាប់បានកើតឡើងដែរកាលពីខែធ្នូ ឆ្នាំ២០២៣៕

រូបភាពពី AFP