(បេរូត)៖ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Amos Hochstein បាននិយាយនៅថ្ងៃចន្ទ (ទី៤ ខែមីនា) នេះថា បទឈប់បាញ់នៅហ្គាហ្សា មិនមែនភាពចាំបាច់ ដែលនាំទៅរកការបិទបញ្ចប់ដោយស្វ័យប្រវត្ត ចំពោះអរិភាពនៅទូទាំងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ទេឡើយ ហើយបានព្រមានពីហានិភ័យ នៃការបង្កើនជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្រុមហេសបូឡាឡារបស់លីបង់ បានបាញ់ប្រហារជាមួយអ៊ីស្រាអែលស្ទើរតែរាល់ថ្ងៃ ដោយបានជម្លៀសមនុស្សរាប់ពាន់នាក់ និងបង្កើនការភ័យខ្លាចថា ជម្លោះអាចរីករាលដាលដល់តំបន់។

ការអត្ថាធិប្បាយរបស់ លោក Amos Hochstein បែបនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំរងរបស់ក្រុមហេសបូឡាឡា លោក Naim Kassem បានរំលឹកឡើងវិញថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់សង្គ្រាមនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល គឺការបញ្ចប់សង្គ្រាមនៅហ្គាហ្សា។

លោក Hochstein ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក Joe Biden បានចាប់ផ្តើមកិច្ចពិភាក្សារបស់គាត់ ដោយជួបជាមួយប្រធានសភាលីបង់ លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ។ លោក​គ្រោង​នឹង​ជួប​មន្ត្រី​និង​អ្នក​នយោបាយ​ផ្សេង​ទៀត​ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោកនេះ។

លោក Hochstein បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយ លោក Berri ដូច្នេះថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ដំណោះស្រាយសន្តិសុខជាប់លាប់ ដែលសម្រេចបានតាមរយៈដំណើរការការទូត»។ លោក​បាន​បន្ថែមថា វិធានការ​បែប​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជន​ជាតិ​លីបង់ និង​អ៊ីស្រាអែល​រាប់​ម៉ឺន​នាក់​ដែល​ភៀស​ខ្លួន​ដោយ​ជម្លោះ​អាច «ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព»។

ដំណើរទស្សនកិច្ចរបស់លោក Hochstein បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីបបានព្យាយាមអស់ជាច្រើនសប្តាហ៍ ដើម្បីស្វែងរកបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងដើម្បីបញ្ចុះបញ្ចូលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឱ្យដោះលែងចំណាប់ខ្មាំងមួយចំនួន ដែលត្រូវចាប់ខ្លួនតាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ វាក៏កើតឡើងផងដែរ នៅពេលដែលក្រុមអ្នកជួយសង្គ្រោះអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ជនបរទេសម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសដោយសារមីស៊ីលប្រឆាំងរថក្រោះ ដែលបាញ់ចេញពីប្រទេសលីបង់។

គួរជម្រាបថា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់បានចាប់ផ្តើម យុទ្ធជនហេសបូឡាជាង ២១៥ នាក់ និងជនស៊ីវិលជិត ៤០ នាក់ត្រូវបានសម្លាប់នៅខាងលីបង់ ខណៈដែលនៅអ៊ីស្រាអែល ទាហាន ៩ នាក់ និងជនស៊ីវិល ១០ នាក់៕