(មូស្គូ)៖ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយបានច្រានចោលការចរចាសន្តិភាពជាមួយមេដឹកនាំអ៊ុយក្រែនបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាមួយនៅភាគខាងត្បូងប្រទេសរុស្ស៊ី លោក Medvedev បាននិយាយថា ប្រទេសរុស្ស៊ីនឹងបន្តនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនរហូតដល់ភាគីម្ខាងទៀតចុះចាញ់។ លោកបានបន្ថែមថា អ្វីដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី គួរតែ «ត្រលប់មករុស្ស៉ីវិញ»

នៅពីមុខផែនទីនៃប្រទេសអ៊ុយក្រែន ដែលបង្ហាញប្រទេសនេះថា ជាផ្នែកតូចមួយនៃដីគោកដែលស្ថិតនៅចន្លោះរវាងប្រទេសប៉ូឡូញ និងរុស្ស៊ី​ លោក Medvedev បាននិយាយដូច្នេះថា «អតីត​មេដឹកនាំ​អ៊ុយក្រែន​ម្នាក់​បាន​និយាយ​នៅ​ចំណុច​មួយ​ថា អ៊ុយក្រែន​មិន​មែន​រុស្ស៊ី​ទេ...គំនិត​នេះ​ត្រូវ​តែ​រលាយ​បាត់​ជា​រៀង​រហូត​។ ​អ៊ុយក្រែន​​ជារបស់​រុស្ស៊ី​យ៉ាងពិតប្រាកដ»

ទន្ទឹមនឹងនេះ លោកថែមទាំងបានច្រានចោលការចរចាសន្តិភាព ជាមួយថ្នាក់ដឹកនាំបច្ចុប្បន្នរបស់អ៊ុយក្រែន ដែលដឹកនាំដោយប្រធានាធិបតី លោកZelensky ហើយបាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែននាពេលអនាគតណាមួយ ដែលចង់ចរចានឹងត្រូវទទួលស្គាល់នូវអ្វីដែលលោកហៅថា ការពិតថ្មីនាពេលបច្ចុប្បន្នសិន។

ដោយឡែក ការធ្វើអត្ថាធិប្បាយជុំវិញទំនាក់ទំនងខាងកើត-ខាងលិច លោក Medvedev ដែលបានចោទប្រកាន់កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក និងទីប្រឹក្សាយោធាថាបានធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន គឺអាក្រក់ជាងក្នុងអំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ទៅទៀត៕

រូបភាពពី Reuters