(ហ្គាហ្សា)៖ ក្តីរំពឹងថានឹងមានការឈប់បាញ់គ្នា ក្នុងតំបន់ហ្គាហ្សានៅថ្ងៃចន្ទទី៤ មីនា ឆ្នាំ២០២៤ មិនបានកើតឡើងដូចតាមសម្តីរំពឹងទុករបស់ប្រធានាធិបតីអាមេរិកឡើយ។ មុននេះលោកចូបៃដិនបាន រំពឹងថានឹងមានការឈប់បាញ់គ្នាចាប់ផ្តើមពីថ្ងៃចន្ទទី៤មីនា ដែលនឹងជួយបញ្ចៀសក្រុង Rafah ចេញពីទីវាលមរណៈនៅមុនបុណ្យរ៉ាម៉ាដន នៃសាសនាឥស្លាមមកដល់។ ប៉ុន្តែថ្ងៃចន្ទ ទី៤ មីនា បានមកដល់ហើយ ប៉ុន្តែកិច្ចឈប់បាញ់គ្នានៅបន្តជាប់ឧបសគ្គធំៗមួយចំនួន។ តើឧបសគ្គទាំង នោះមានអ្វីខ្លះ?

ក្តីរំពឹងថានឹងមានការឈប់បាញ់គ្នាក្នុងតំបន់ហ្គាហ្សានៅថ្ងៃចន្ទទី៤មីនាឆ្នាំ២០២៤ មិនបានកើត ឡើងដូចតាមសម្តីរំពឹងទុករបស់ប្រធានាធិបតីអាមេរិកឡើយ។ លោកចួបៃដិន កាលពីសប្តាហ៍ មុនបានថ្លែងរំពឹងថានៅថ្ងៃចន្ទទី៤មីនា ការឈប់បាញ់គ្នា​នឹងអាចកើតឡើងខណៈប្រទេស សម្របអេហ្ស៊ីបនិងប្រទេសកាតាបានធ្វើការងារនេះយ៉ាងសកម្មជាមួយប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែចំណុចឧបសគ្គរារាំងនៅតែបន្តកើតមានមិនអាចធ្វើឱ្យកិច្ចព្រមព្រៀង ឈប់បាញ់គ្នាកើតឡើងឡើយ។

ចំណុចប្រឈមជាឧបសគ្គនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេថាន់យ៉ាហ៊ូ បានថ្លែងកាលសប្តាហ៍មុនថា គម្រោង វាយប្រហារដោយថ្មើរជើងដាក់លើតំបន់ Rafah នឹងអាចពន្យាពេលប្រសិនណាបើ កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលច្រើនសប្តាហ៍ នឹងត្រូវបានគេយល់ព្រម។

លោក ណេថាន់យ៉ាហ៊ូ កាលពីសប្តាហ៍មុននោះទៀត បានថ្លែងថាអ៊ីស្រាអែលត្រៀមចាំទទួល យកកិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល៦សប្តាហ៍ នោះហើយប៉ុន្តែនៅរង់ចាំក្រុមហាម៉ាស ដើម្បីត្រូវឆ្លើយតបនឹងសំណើចង់បានរបស់ខ្លួនវិញ។ ប៉ុន្តែក្រុមហាម៉ាស ត្រូវគេរាយការណ៍ថា បែរជាមិនបានឆ្លើយតបនឹងសំណើចង់បានចំនួន២របស់អ៊ីស្រាអែលឡើយ។
មន្ត្រីអ៊ីស្រាអែលបានថ្លែងថា គេនឹងមិនបញ្ជួនគណៈប្រតិភូរបស់ខ្លួនទៅកាន់ក្រុងគែ័រនៃប្រ ទេសអេហ្ស៊ីបដើម្បីការចរចាលើកិច្ចព្រមព្រៀងស្វែងរកការឈប់បាញ់គ្នា និងការដោះ លែងចំណាប់ខ្មាំងឡើយ បើសិនជាការស្នើ២ចំណុចនោះ មិនត្រូវបានឆ្លើយតបមកវិញដោយក្រុមហាម៉ាស។ ការទាមទារ២ចំណុចរប​ស់អ៊ីស្រាអែល ក្នុងនោះគឺទី១បញ្ជីឈ្មោះចំណាប់ខ្មាំងដែល ចង់បញ្ជាក់ថា តើចំណាប់ណាខ្លះរស់រានមានជីវិតនិង ចំណាប់ខ្មាំងណាខ្លះដែលបានបាត់បង់ជីវិត។ ចំណុចស្នើទី២គឺការបញ្ជាក់ពីសមាមាត្រអ្នកទោសប៉ាឡេស្ទីនដែលត្រូវដោះលែង ពី គុកអ៊ីស្រាអែលក្នុងការដោះដូរជាមួយនឹងចំណាប់ខ្មាំង។

ការមិនទាន់បញ្ជាក់ពីសេចក្តីត្រូវការ២ចំណុចនោះហើយ បាននាំឱ្យអ៊ីស្រាអែលបានធ្វើពហិកា មិនបញ្ជូនក្រុមចរចារបស់ខ្លួនទៅកាន់ទីក្រុងគែ័រនៃប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យឡើយ ដែលធ្វើឱ្យសម្តីរំពឹងរប​ស់ប្រធានាធិបតីអាមេរិកលោកចូបៃដិនដែលនិយាយថា នឹងមានការ ឈប់បាញ់គ្នានៅថ្ងៃចន្ទទី៤មីនានោះ ក្លាយជាសម្តីឥតប្រយោជន៍។

ហេតុអ្វីបានជាក្រុមហាម៉ាសមិនឆ្លើយតបនឹងសំណើរបស់អ៊ីស្រាអែល?

នៅថ្ងៃអាទិត្យទី៣មីនា​ដែលមានការជួបចរចាចុងក្រោយដើម្បីស្វែងរកកិច្ចឈប់បាញ់គ្នានោះ តំណាងក្រុមហាម៉ាសក៏បានធ្វើដំណើរមកដល់ក្រុងគែ័រនៃប្រទេសអេហ្ស៊ីប។ ក្រុមហាម៉ាសត្រូវ បានបណ្តាសារព័ត៌មានដកស្រង់សម្តីដែលបញ្ជាក់ថា គេនឹងមិនយល់ព្រមលើខសន្យាអំពីរឿង ចំណាប់ខ្មាំងឡើយ ប្រសិនណាបើអ៊ីស្រាអែលមិនយល់ព្រមចំពោះការបញ្ឈប់បាញ់គ្នាជានិរន្តន៍នោះទេ។ ក្រុមហាម៉ាស បានដាក់ចេញនូវសំណើចំនួន៣របស់ខ្លួន គឺទី១ ការឈប់បាញ់គ្នា ទាំងស្រុង, ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងទី៣ការវិលត្រឡប់មក វិញនូវពលរដ្ឋចំណាកស្រុកទាំងអស់មកកាន់លំនៅដ្ឋានរបស់ពួកគេវិញ។ ភាពមិនត្រូវគ្នាលើសំណើចង់បាននៃចំណុចរៀងៗខ្លួន បានធ្វើឱ្យក្តីសង្ឃឹមរបស់ពលរដ្ឋភៀសសឹកប៉ាឡេស្ទីនជាងមួយលាននាក់ក្នុងតំបន់ Rafah បានបាត់បង់ទៅវិញ ជាពិសេសការគំរាម សិទ្ធិពលរដ្ឋប៉ាឡេស្ទីនមិនឱ្យធ្វើបុណ្យរ៉ាម៉ាដនរបស់ខ្លួន ដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមសម្របសម្រួលស្វែងរកការចរចានៅមិនទាន់បិទទ្វា របស់ខ្លួននៅឡើយទេ ខណៈកិច្ចប្រឹងប្រែងត្រូវគេរាយការណ៍ថា នៅតែធ្វើជាបន្តដើម្បីរកកិច្ច បញ្ឈប់បាញ់គ្នានៅមុនបុណ្យរ៉ាម៉ាដន នឹងចូលមកដល់។ បុណ្យរ៉ាម៉ាដានឆ្នាំ២០២៤ នឹងចាប់ផ្តើមចាប់ពីល្ងាចថ្ងៃទី១០មីនា និង បញ្ច​ប់នៅថ្ងៃទី៩ មេសា។​

ស្ថានការណ៍ក្នុងតំបន់ហ្គាហ្សារយៈពេល២៤ម៉ោងចុងក្រោយនេះក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានថ្លែងថា កងកម្លាំងអ៊ីស្រាអែលបានបាញ់រះដាក់មកលើប្រជាជន ដែលស្វែងរកជំនួយ បណ្តាលឱ្យមនុស្សច្រើនសិបនាក់ បានស្លាប់ក្នុងហេតុការណ៍ គួរឱ្យរន្ធត់ជាលើកទី២។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន ក្នុងហេតុការណ៍ដែលមានពលរដ្ឋនាំ គ្នាទៅយកស្បៀងជំនួយដឹកតាមរថយន្តយកទៅឱ្យប្រជាជនប៉ាឡេស្ទីននោះ មានមនុស្ស ស្លាប់១១២នាក់ និងប្រមាណ៧៦០នាក់បានរងរបួស។ ក្រុមហាម៉ាសប៉ាឡេស្ទីនចោទថាក្រុម ទាហានអ៊ីស្រាអែលធ្វើការបាញ់រះដាក់លើពលរដ្ឋទាំងនោះបណ្តាលឱ្យស្លាប់និងរបួស ប៉ុន្តែ ទាហានអ៊ីស្រាអែលបដិសេធ និងនិយាយថាការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនទាំងនោះ គឺ ដោយសារការរត់ជាន់គ្នាដណ្តើមយកស្បៀងអាហារតែប៉ុណ្ណោះ។

មិនមានសេចក្តីរាយការណ៍ បញ្ជាក់ច្បាស់លាស់នូវតួលេខមនុស្សស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់បាញ់រះជា លើកទី២នេះឡើយ ប៉ុន្តែក្រសួងសុខាភិបាល ក្នុងតំបន់ហ្គាហ្សា បាននិយាយថាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានពលរដ្ឋ ប៉ាឡេស្ទីនយ៉ាងហោច៩០នាក់បានស្លាប់ក្នុងនោះរួម មាន១៤គ្រួសារដែលមានលំនៅដ្ឋានក្នុង ជំរំជនភៀសខ្លួន Rafah ភាគខាងត្បូងប្រទេសដែល ត្រូវបានសម្លាប់ដោយពួកទាហានអ៊ីស្រាអែល។

ក្រៅពីការស្លាប់ដោយសារការវាយប្រហារពលរដ្ឋប៉ាឡេស្ទីនជាច្រើនទៀត ត្រូវគេរាយ ការណ៍ការស្លាប់ដោយការដាច់ស្បៀងអាហារ គ្រាដែលអ៊ីស្រាអែលបានឡោមព័ទ្ធក្រុង Rafah និងតំបន់ហ្គាហ្សាស្ទី្របជុំជិត ដោយមិនឱ្យមានច្រកចេញចូលណាសម្រាប់ជនភៀសខ្លួនអាចគេចរួចបានឡើយ។ មន្ត្រីអង្គការសហប្រជាជាតិនៅបានរាយការណ៍ជុំវិញកុមារប៉ាឡេស្ទីន នៅបានស្លាប់ជាច្រើនទៀត ដោយសារតែកង្វះអាហារូបត្ថម្ភទ្រទ្រង់រាយកាយ។

អង្គការUNICEF បានថ្លែងថា មានកុមារ១៥នាក់បានស្លាប់ ដោយសារកង្វះជីវជាតិអាហារនៅ មន្ទីរពេទ្យ Kamal Adwan ក្នុងក្រុងហ្គាហ្សា និងបារម្ភថាតួលេខកុមារស្លាប់នឹងកើនខ្ពស់ជាងនេះ នៅតាមបណ្តាមន្ទីរពេទ្យដទៃទៀត។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris កាលពីថ្ងៃអាទិត្យ បានអំពាវនាវរកការ ឈប់បាញ់គ្នាជាបន្ទាន់មួយក្នុងតំបន់ហ្គាហ្សា ប៉ុន្តែលោកស្រីមិនបានស្វែងរកការឈប់បាញ់គ្នា ជាអចិន្ត្រៃយ៍ដូចអ្វីដែលក្រុមហាម៉ាសបានស្នើចង់បានឡើយ។ លោកស្រីអនុ ប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងក្នុងវេទិកាមួយពីរដ្ឋ Alabama នៃសហរដ្ឋអាមេរិកថា «ដោយសារតែភាពឈឺចាប់ក្នុងតំបន់ហ្គាហ្សាមានទំហំធំធេង គេត្រូវតែមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់មួយ» ។ លោកស្រី Kamala Harris បានថ្លែងទៀតថា «ក្រុមហាម៉ាសបានអះអាងចង់ឱ្យមានការឈប់បាញ់គ្នា»។ លោកស្រីអនុប្រធានាធិបតីអាមេរិកនិយាយបន្តថា ពេលនេះកិច្ចព្រមព្រៀង មួយក្នុងការស្វែងរកឈប់បាញ់គ្នា បានស្ថិតនៅលើតុហើយ។ លោកស្រីបញ្ជាក់ថាក្រុម ហាម៉ាសចាំបាច់ត្រូវតែយល់ព្រម ចំពោះកិច្ចព្រមព្រៀងនោះដើម្បីឱ្យមានកិច្ចឈប់បាញ់គ្នា ប៉ុន្តែ លោកស្រីមិននិយាយអំពីអ្វីដែលជាលក្ខខណ្ឌរបស់ក្រុមហាម៉ាស ដែលទទួលចង់ឱ្យមានការឈប់បាញ់ទាំងស្រុងឡើយ។

លោកស្រីអនុប្រធានាធិបតី បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងដើម្បីឱ្យពួក គេបានវិលត្រឡប់មកជួបជុំក្នុងក្រុមគ្រួសារវិញ និងលោកស្រីអំពាវនាវសូមឱ្យមានការ បញ្ជួនស្បៀងជាប​ន្ទាន់ដល់ពលរដ្ឋក្នុងតំបន់ហ្គាហ្សាថែមទៀត។

សហរដ្ឋអាមេរិក ដើម្បីការផ្តល់ជំនួយស្បៀងអាហារដល់ពលរដ្ឋក្នុងតំបន់ហ្គាហ្សា បានប្រើ យន្តហោះជួយទម្លាក់ស្បៀងពីលើអាកាសដើម្បី ឱ្យពលរដ្ឋភៀសសឹកទាំងនោះអាចទទួល បាននូវជំនួយម្ហូបអាហារនិងទឹកសាបដើម្បីទទួលទានថែមទៀត។
សេចក្តីរាយការណ៍បានបន្តថា លោកស្រីអនុប្រធានាធិបតី Kamala Harris នឹងរំពឹងជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យរដ្ឋាភិបាលអ៊ីស្រាអែល គឺលោក Benny Grantz នៅថ្ងៃចន្ទ ទី៤មីនា ដើម្បីកិច្ចពិភាក្សាលើកិច្ចព្រមព្រៀង​ដែលអ៊ីស្រាអែលបានយល់ព្រមមុននេះចង់ឱ្យ មានការឈប់បាញ់គ្នារយៈពេល៦សប្តាហ៍ និងការបន្តនាំជំនួយចូលក្នុងតំបន់ហ្គាហ្សា ជួយពលរដ្ឋប៉ាឡេស្ទីនដែលរងគ្រោះនឹងចំណោទដាច់ស្បៀង ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលមិនឈប់មិនឈរនេះ។

សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានឈានចូល១៤៩ថ្ងៃហើយ។ ពលរដ្ឋប៉ាឡេស្ទីន បានស្លាប់យ៉ាងហោច៣ម៉ឺន៤១០នាក់ និងមានអ្នករងរបួសប្រមាណ៧ម៉ឺន១ពាន់៧០០នាក់ ចាប់តាំងពីមានព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលាឆ្នាំ២០២៣. ដែលក្រុមហាម៉ាសបានសម្លាប់ ពលរដ្ឋលើទឹកដីអ៊ីស្រាអែលចំនួន១ពាន់១៣៩នាក់ និងចាប់ជាចំណាប់ខ្មាំងប្រមាណ២៤០នាក់ ។

សេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ ជុំវិញសំណើទទួចចង់បានរបស់ក្រុមហាម៉ាស ដើម្បីការបញ្ចប់សង្គ្រាម។ កាសែត The New Arab បានសរសេរដកស្រង់សម្តីរបស់មន្ត្រីក្រុម ហាម៉ាសដែលនិយាយថា «ប្រសិនបើអ៊ីស្រាអែលយល់ព្រមនឹងសំណើរបស់ពួកគេ ដែលរួម មានការដកកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា និងមានការបង្កើនជំនួយមនុស្សធម៌នោះ» វានឹងក្លាយជាផ្លូវត្រួសត្រាយមួយ សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេល២៤ម៉ោងទៅ ៤៨ម៉ោងភ្លាមៗ»។

ថ្ងៃអាទិត្យដែលនឹងមកដល់ចុងសប្តាហ៍នេះ គឺជាថ្ងៃចាប់ផ្តើមពិធីបុណ្យ Ramadan របស់ពលរដ្ឋឥស្លាមក្នុងពិភពលោកហើយ ក្នុងនោះក៏រួមមានទាំងពលរដ្ឋប៉ាឡេ ស្ទីនផងដែរ។ តើកិច្ចប្រឹងប្រែងដើម្បីរកកិច្ចឈប់បាញ់គ្នា ដើម្បីបញ្ចៀសសង្គ្រាមក្នុងពិធីបុណ្យ រ៉ាម៉ាដនរយៈពេលមួយខែ នឹងអាចសម្រេចបានដែរឬទេ? គេនឹងរង់ចាំមើលភាពវិវត្តន៍ចុង ក្រោយនាប៉ុន្មានថ្ងៃខាងមុខនេះទៀត គ្រាដែលក្នុងតំបន់ហ្គាហ្សានាពេលនេះ ការវាយប្រហារគ្នានិងការទម្លាក់ស្បៀងជួយជនរងគ្រោះបាននិងកំពុងបន្ត ជាមួយនឹងកិច្ចប្រឹងប្រែងរបស់ក្រុម សម្របសម្រួល ដើម្បីព្យាយាមធ្វើការចរចាបញ្ចៀសគ្រោះថ្នាក់ មិនឱ្យមានការបង្ហូរឈាមក្នុង តំបន់ Rafah នៃទីតាំងចុងក្រោយរបស់ក្រុមហាម៉ាសនេះ៕

រូបភាពពី Reuters