(ក្រុងគែរ)៖ សម្ព័ន្ធអារ៉ាប់បានអំពាវនាវឱ្យ មានការផ្តល់ជំនួយជាបន្ទាន់ទៅកាន់តំបន់ហ្គាហ្សា ហើយបានថ្កោលទោសអ្នកដែលព្យាយាមរារាំងជំនួយទាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។

អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បាននិយាយនៅឯទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធកាលពីថ្ងៃអាទិត្យថា ការទប់ស្កាត់ជំនួយគឺស្មើនឹង «ការកាត់ទោសប្រហារជីវិត» សម្រាប់ប្រជាជនប៉ាឡេស្ទីន និងជាទម្រង់នៃ «ការដាក់ទណ្ឌកម្មរួម»

លោក Abou Gheit បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យជាមួយ លោកស្រី Sigrid Kaag អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលជាន់ខ្ពស់សម្រាប់កិច្ចការមនុស្សធម៌ និងការកសាងឡើងវិញនៅហ្គាហ្សា។

លោក Aboul Gheit និង លោកស្រី Kaag បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា និងការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីនទៅគ្រប់គ្រងតំបន់នេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ និងការសម្របសម្រួលរបស់សហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយ។

អ្នកនាំពាក្យរបស់អគ្គលេខាធិការ លោក Jamal Rushdi បាននិយាយថា ស្ថានភាពមនុស្សធម៌គឺអាក្រក់ណាស់នៅក្នុងតំបន់ហ្គាហ្សា ហើយថាអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ចំពោះការទប់ស្កាត់ជំនួយដែលត្រូវការបន្ទាន់ទាំងនេះ៕

រូបភាពពី AFP