(ប៉េកាំង)៖ ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក កិច្ចប្រជុំលើកទីពីរនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងកិច្ចប្រជុំលើកទីពីរ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤នឹងសម្ពោធបើកនៅថ្ងៃទី៤ និងទី៥ខែមីនាដោយឡែកពីគ្នា។ តើធ្វើយ៉ាងណា អាចបង្កើនជំនឿចិត្ត និងកំណត់គោលដៅអភិវឌ្ឍសេដ្ឋកិច្ច ឱ្យបានច្បាស់លាស់ វាច្បាស់ណាស់វា នេះគឺជា “សំណួរត្រូវឆ្លើយតប” ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ប្រទេសចិនក្នុងឆ្នាំនេះ។

នៅឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង៥,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលបានកាន់លំដាប់ថ្នាក់នាំមុខគេ ក្នុងអង្គភាពសេដ្ឋកិច្ចសំខាន់ៗ នៅលើពិភពលោក។ ប៉ុន្តែអាមេរិកនិងប្រទេសលោកខាងលិច បែរជាធ្វើដូចជាមិនឃើញទេ ផ្ទុយទៅវិញបានលាបពណ៌មកលើ សេដ្ឋកិច្ចចិនជាប់រហូត ដោយសម្គាល់ឃើញថា អនាគតអភិវឌ្ឍន៍របស់ចិនអាប់អួរណាស់។ ប្រឈមនឹងបរិយាកាសខាងក្រៅ ដែលមានភាពស្មុគស្មាញនិងបម្រែបម្រួល ប្រឈមនឹងហានិភ័យ និងការសាកល្បងជាច្រើន កំណើនសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះខ្លះ គឺជាលក្ខណៈពិសេសដ៏សំខាន់ នៃសេដ្ឋកិច្ចដែលបានឈានចូល ដំណាក់កាលប្រក្រតីភាពថ្មី ពោលគឺដំណើរការសេដ្ឋកិច្ច បានស្ថិតក្នុងក្របខ័ណ្ឌដ៏សមរម្យ ហើយកម្រិតកំណើនសេដ្ឋកិច្ច សមស្របនឹងការប៉ាន់ប្រមាណ។

ស្របពេលនឹងកំណើនសេដ្ឋកិច្ចបានបង្អង់ល្បឿន រដ្ឋាភិបាលចិនបានផ្តោតសំខាន់ទៅលើ បញ្ហាប្រឈមនិងការសាកល្បង ជំរុញការកែសម្រួលខាងរចនាសម័្ពន្ធដោយនឹងនរ លើកកម្ពស់គុណភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជារក្សានិន្នាការល្អប្រសើរ នៃការធ្វើបរិវត្តកម្មនិងនិងលើកកម្ពស់លំដាប់ថ្នាក់។ បើនិយាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចចិន ក្នុងរយៈពេលយូរ វាមិនត្រឹមតែត្រូវផ្តោតសំខាន់ទៅលើ ភាពលំបាកនាពេលបច្ចុប្បន្ននេះ ជាងនេះទៅទៀតក៏ត្រូវមើលឃើញភាពធន់ និងការច្នៃប្រឌិតថ្មីរបស់សេដ្ឋកិច្ចចិនផងដែរ។

ទាក់ទងនឹងចំណុចនេះ លោក Danis Simon ទីប្រឹក្សាជាន់ខ្ពស់របស់សកលវិទ្យាធិការសកលវិទ្យាល័យ Duke របស់អាមេរិកទទួលបន្ទុកកិច្ចការចិនបានថ្លែងថា ក្នុងដំណើរការធ្វើបរិវត្តកម្មសេដ្ឋកិច្ច របស់ប្រទេសចិន មុខជានឹងជួបប្រទះ ការសាកល្បងជាមិនខាន ប៉ុន្តែក្រុមពាណិជ្ជករបរទេសនៅតែមានបំណងខ្លាំងក្លា ក្នុងការចុះវិនិយោគ នៅប្រទេសចិនដដែល ។ លោកជឿជាក់ថា អនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននឹងមានពន្លឺភ្លឺស្វាង។ “បង្កើតអាជីព ប្រក្រតីភាពថ្មីនិងខ្សែក្រវាត់និងផ្លូវ ” នេះជាការប៉ាន់ប្រមាណ របស់ «កាសែតមជ្ឈិម» របស់កូរ៉េខាងត្បូងចំពោះបញ្ហាពិភាក្សាសំខាន់ ក្នុងមហាសនិ្នបាតនៃសភាទាំងពីរ របស់ចិនឆ្នាំនេះ។ រដ្ឋាភិបាលចិននឹងបង្កើតរូបមន្តសេដ្ឋកិច្ច ដែលអាចកើនឡើង ជានិរន្តរភាព តាមរយៈការបង្កើតអាជីវព និងកិច្ចកសាងក្រុមសេដ្ឋកិច្ចនៃ “ខ្សែក្រវាត់និងផ្លូវ” ព្រមនិងបំផុសរលកជុំថ្មី ដើម្បីធ្វើឱ្យកំណែទម្រង់ មានភាពកាន់តែស៊ីជម្រៅថែមទៀត។

ដោយមកពីកំណើនសេដ្ឋកិច្ចចិនបានលើសពីការប៉ាន់ប្រមាណ ដូច្នេះ នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានដំឡើងការប៉ាន់ប្រមាណចំពោះសេដ្ឋកិច្ចចិន និងកំណើនរបស់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មី របស់អាស៊ីនៅឆ្នាំ២០២៤ ។ គ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិដូចជាក្រុមហ៊ុន Goldman និងUBS ជាដើមសុទ្ធតែមានសុទិដ្ឋិនិយម ចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចចិន ឧត្តមភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចចិន នៅតែរក្សាបានដដែល ប្រទេសចិននៅតែជាអ្នករួមចំណែកដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ច នៅលើពិភពលោក ក្នុងឆ្នាំនេះដដែល។

សូមបញ្ជាក់ថា ឆ្នាំ២០២៤ជាខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាឆ្នាំគន្លឹះក្នុងការសម្រេចបាន នូវគោលដៅនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ផងដែរ។ ដូច្នេះ ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ តំណាងសភាប្រជាជននិងសមាជិកប្រឹក្សានយោបាយ នឹងធ្វើការពិគ្រោះពិភាក្សានិងប្រមូលគំនិតឯកភាពរួម ក្នុងន័យគ្រោងផែនទីបង្ហាញផ្លូវដ៏មហិមា និងតម្រង់ទិសដៅទៅមុខឱ្យបានច្បាស់លាស់។ ក្នុងទីចាប់ផ្តើមថ្មី ចាប់ផ្ដើមដំណើរថ្មី ការស្វែងរកការអភិវឌ្ឍតាមរយៈការអនុវត្តជាក់ស្តែង និងពន្លឿនការជំរុញការធ្វើទនើបកម្មតាមបែបផែនចិន ពិតជានឹងក្លាយជាបញ្ហាពិភាក្សាសំខាន់បំផុត ក្នុងមហាសនិ្នបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ។

ផែនការក្នុងមួយឆ្នាំត្រូវរៀបចំនៅរដូវផ្ការីក ប្រទេសចិនដែលមានសន្ទុះខ្លាំងក្លា បាននិងកំពុងបង្ហាញទៅកាន់ពិភពលោក នូវសេដ្ឋកិច្ចចិនដែលពោរពេញទៅ ដោយភាពរស់រវើក និងភាពធន់។ ឥស្សរជនអន្តរជាតិ បានសម្គាល់ឃើញជាទូទៅថា ទិសដៅនិងគោលនយោបាយ ដែលប្រកាសដោយមហាសនិ្នបាត នៃសភាទាំងពីររបស់ចិនឆ្នាំនេះ នឹងណែនាំប្រទេសចិន ឱ្យឆ្ពោះទៅកាន់ “ផ្លូវល្បឿនលឿន”ក្នុងដំណាក់កាលអភិវឌ្ឍបន្ទាប់ ពិភពលោកក៏រំពឹងថា ផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍនៅពេលអនាគត ដែលមហាសនិ្នបាតនៃសភាទាំងពីររបស់ចិន បានដាក់បង្ហាញ នឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ការអភិវឌ្ឍសកល ក៏ដូចជារួមចំណែកកាន់តែធំក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសកលផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន