(ប៉េកាំង)៖ តាមការផ្សាយដំណឹងនៃកាសែត «Korea Daily» កាលពីពេលថ្មីៗនេះ ឱ្យដឹងថា ការបំបិទផ្លូវនាវាចរណ៍សមុទ្រក្រហម របស់កងកម្លាំងប្រដាប់អាវុធ Houthi បានបង្កឱ្យមានវិបត្តិដឹកជញ្ជូនទំនិញជាសកល ដែលបណ្តាលឱ្យសោហ៊ុយដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រពីកូរ៉េខាងត្បូងទៅកាន់សហភាពអឺរ៉ុប កើនឡើង ២៥០ភាគរយក្នុងរយៈពេល៤ខែ។ ប៉ុន្តែប្រទេសចិនមានផ្លូវដឹកជញ្ជូនដូចជា ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបែបនេះ កម្លាំងប្រកួតប្រជែងខាងវិស័យនាំចេញរបស់ ក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែល នឹងធ្លាក់ចុះ។ ក្នុងបរិបទដែលវិបត្តិសមុទ្រក្រហម បន្តមានភាពតានតឹងហើយការដឹកជញ្ជូនទំនិញ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល រងផលប៉ះពាល់ជាបន្តបន្ទាប់ ឧត្តមភាពនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបមានភាពកាន់តែលេចធ្លោ។

តាំងពីខែវិច្ឆិកាឆ្នាំ២០២៣មក ដើម្បីបញ្ចេញសំឡេងគាំទ្រចំពោះប៉ាឡេស្ទីន កងកម្លាំងប្រដាប់អាវុធ Houthiរបស់យេម៉ែនបានវាយប្រហារម្តងហើយ ម្តងទៀតលើនាវាពាក់ព័ន្ធអ៊ីស្រាអែលនៅ ដែនសមុទ្រក្រហម។ ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវនាវាចរណ៍ជាច្រើន ដូចជាក្រុមហ៊ុន MAERSK ជាដើមបានប្រកាសផ្អាក ខ្សែផ្លូវនាវាចរណ៍សមុទ្រក្រហម ដែលឆ្លងកាត់ព្រែកជីកស៊ុយអែស ប្រែទៅជាឆ្លងកាត់ Cape of Good Hope វិញ។ នៅខែមករា ឆ្នាំ២០២៤ អាមេរិកនិងអង់គ្លេស បានចាប់ផ្តើមវាយប្រហារតាមផ្លូវអាកាស ដោយផ្ទាល់ទៅលើសំណង់របស់ កងកម្លាំងប្រដាប់អាវុធ Houthi នៃប្រទេសយេម៉ែន ដែលធ្វើឲ្យស្ថានការណ៍ មានភាពកាន់តែតានតឹងថែមទៀត ហើយបណ្តាលឱ្យនាវាកាន់តែច្រើន មានតែធ្វើដំណើរឆ្លងកាត់ Cape of Good Hope ។

ខណៈពេលដែលផ្លូវនាវាចរណ៍លើសមុទ្រសំខាន់ៗ ត្រូវបានកាត់ផ្តាច់ ហើយសន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រឈមមុខនឹងការសាកល្បង តម្រូវការរបស់ប្រទេសអឺរ៉ុបជាច្រើន ចំពោះខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបានកើនឡើង ហើយចាប់ផ្តើមស្វែងរកដំណោះស្រាយដឹកជញ្ជូន ទំនិញតាមផ្លូវដីគោក ដើម្បីជំនួសផ្លូវនាវាចរណ៍លើសមុទ្រ។

បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមសមុទ្រ តើខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបមានឧត្តមភាព អ្វីខ្លះ? ឧត្តមភាពដ៏លេចធ្លោបំផុតគឺស្ថេរភាព។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន MAERSK បានព្រមានថា ការបន្តធ្វើដំណើរដោយឆ្លងកាត់Cape of Good Hope នឹងមានផលវិបាកអវិជ្ជមានយ៉ាងទូលំទូលាយ ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ផងដែរ។ ផ្ទុយទៅវិញ ចំនួនទំនិញដែលដឹកជញ្ជូនតាមផ្លូវរថភ្លើងឆ្លងទ្វីបអឺរ៉ាស៊ី កាន់តែមានភាពអាចជឿទុកចិត្ត បាននិងកាន់តែទាន់ពេលវេលា។

សូមងាកមកមើលពីតម្លៃ មិនថាធ្វើដំណើរតាមផ្លូវសមុទ្រក្រហម ឬក៏ធ្វើដំណើរដោយឆ្លងកាត់ Cape of Good Hope តម្លៃនៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ សុទ្ធតែបានកើនឡើងយ៉ាងខ្លាំង។ បើប្រៀបធៀបជាមួយនឹងខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប ឧត្តមភាពផ្នែកតម្លៃនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ គឺមិនលេចធ្លោទៀតហើយ។

ពេលវេលាគឺជាមាសប្រាក់។ យោងតាមការប៉ាន់ប្រមាណ បើប្រៀបធៀបនឹងការធ្វើដំណើរ តាមព្រែកជីកស៊ុយអែស ការធ្វើដំណើរឆ្លងកាត់ Cape of Good Hope នឹងចំណាយពេលយូរបំផុតដល់ទៅ៤៥ថ្ងៃ ប៉ុន្តែខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប យូរបំផុតត្រឹមតែ ប្រហែល២០ ថ្ងៃប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្សែផ្លុវរថភ្លើងចិន-អឺរ៉ុប ក៏បាននិងកំពុងបង្កើនល្បឿនជាបន្តបន្ទាប់ផងដែរ។

តាមស្ថិតិថ្មីបំផុតបង្ហាញឱ្យឃើញថា ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប បានដាក់ឱ្យបើកបររថភ្លើងសរុបជាង៨ម៉ឺន៥ពាន់គ្រឿង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាំងពីដើមឆ្នាំ២០២៤ មកបានបើកបររថភ្លើងសរុបជាង ២៦០០គ្រឿង ដែលសម្រេចបាននូវការបើកបររថភ្លើង ចំនួនលើសពី១០០០គ្រឿង ក្នុងមួយខែក្នុងរយៈពេល៤៦ខែជាប់ៗគ្នា។ វាបានធ្វើឱ្យផលិតផលអ៊ឺរ៉ុបកាន់តែច្រើន ចូលទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនចិន ក៏ដូចជាធ្វើឱ្យ "ការផលិតដោយប្រទេសចិន" កាន់តែមានប្រជាប្រិយភាពពីប្រជាជនអឺរ៉ុប។

ក្នុងនាមជាសរសៃឈាមធំនៃការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ពេលបច្ចុប្បន្ននេះ ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបានទៅដល់ប្រទេសអឺរ៉ុបចំនួន២៥ និងតភ្ជាប់ទីក្រុងចំនួន២១៩។ វាបានបង្កើតច្រកពាណិជ្ជកម្មថ្មី នៃការដឹកជញ្ជូនតាមផ្លូវគោក និងស្ពានថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងទ្វីបអឺរ៉ាស៊ី បានបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ នៃការដឹកជញ្ជូនទំនិញអន្តរជាតិ ដែលប្រកបដោយភាពធន់ ក៏ដូចជាបានបំពេញបន្ថែម នូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍនៃទ្វីបអឺរ៉ាស៊ី។

ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា គំនិតផ្តួចផ្តើមនៃ “ខ្សែក្រវ៉ាត់និងផ្លូវ” បានសម្របទៅតាមចរន្តប្រវត្តិសាស្ត្រ នៃការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច សម្របទៅតាមតម្រូវការយុគសម័យ នៃកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល ហើយកាន់តែសម្របទៅតាមបំណងប្រាថ្នាដ៏ខ្លាំងក្លា របស់ប្រជាជននៃបណ្តាប្រទេសនានា ដែលចង់បានជីវភាពរស់នៅដ៏ល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន