(ព័រអូប្រ៉ាំង)៖ រដ្ឋាភិបាលហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សានៅរដ្ឋធានី Port-au-Prince ធ្វើឱ្យខូចដល់បណ្តាញទំនាក់ទំនង និងករណីហែកគុករត់ នៅក្នុងពន្ធនាគារចំនួនពីរ ខណៈមេដឹកនាំក្រុមជនអន្ធពាលធំមួយ ចង់ផ្តួលរំលំនាយករដ្ឋមន្ត្រី លោក Ariel Henry ចេញពីអំណាច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ២០២៤។

សេចក្តីថ្លែងការណ៍បានលើកឡើងថា ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ រដ្ឋាភិបាលសម្រេចដាក់ចេញជាបន្ទាន់នូវបម្រាមគោចរ នៅទូទាំងទឹកដីប៉ែកខាងលិចរយៈពេល ៧២ម៉ោង ដោយចាប់អនុវត្តនៅចន្លោះម៉ោង ៦ល្ងាច និងម៉ោង ៥ព្រឹក ចាប់តាំងពីថ្ងៃអាទិត្យរហូតដល់ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០២៤។ មន្រ្តីអនុវត្តច្បាប់ ក្រុមពន្លត់អគ្គីភ័យ អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ បុគ្គលិកសុខាភិបាល និងអ្នកសារព័ត៌មាមដែលមានអត្តសញ្ញាណត្រឹមត្រូវ នឹងមិនតម្រូវឱ្យអនុវត្តតាមបម្រាមគោចរនោះទេ។

អំពើហិង្សាបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការអំពាវនាវពី​សំណាក់មេខ្លោងក្រុម​ជនអន្ធពាល ឈ្មោះ Jimmy Cherizier ដែលជាអតីតមន្ត្រី​ប៉ូលិស ឱ្យ​ក្រុម​ឧក្រិដ្ឋជនប្រមូលផ្តុំកម្លាំងគ្នា និងផ្តួលរំលំរបបលោកនាយករដ្ឋមន្រ្តី Henry។ ក្រុមប្រដាប់អាវុធបានធ្វើការវាយប្រហារ លើពន្ធនាគារធំជាងគេរបស់ហៃទីក កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន។ គេពុំទាន់ដឹងទេ ថាមាន​អ្នក​ទោស​ប៉ុន្មាន​នាក់​កំពុងរត់គេចខ្លួន តែប្រភព​ជិតស្និទ្ធ​នឹង​ស្ថាប័ននេះថា វា​ទំនង​ជា​ភាគច្រើន។ អង្គការសិទ្ធិមនុស្ស RNDDH បានឱ្យដឹងថា ពន្ធនាគារដែលសាងសង់ឡើង សម្រាប់ដាក់អ្នកទោសចំនួនត្រឹម ៧០០នាក់ ផ្ទុកមអ្នកទោសរហូតដល់ ៣,៦៨៧នាក់ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣។

គួរបញ្ជាក់ថា Cherizier ជាមេដឹកនាំសម្ព័ន្ធក្រុមជនអន្ធពាលនៅហៃទី ហើយប្រឈមការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក។ Cherizier បានព្រមានអ្នកស្រុកកាលពីសប្តាហ៍មុនថា ឱ្យផ្អាកកុំឱ្យកុមារទៅសាលារៀន ដើម្បីចៀសវាង រងគ្រោះថ្នាក់ ស្របពេលអំពើហិង្សាកាន់តែឡើង ខណៈអវត្តមាននាយករដ្ឋមន្ត្រី។ លោក Henry ដែលបានឡើងកាន់អំណាចនៅឆ្នាំ ២០២១ ក្រោយការធ្វើឃាតប្រធានាធិបតីចុងក្រោយរបស់ហៃទីគឺ លោក Moïse បានសន្យាពីមុនថា នឹងចុះចេញពីតំណែង នៅដើមខែកុម្ភៈ ឆ្នាំនេះ។ តែក្រោយ​មក លោក​និយាយ​ថា ​ត្រូវ​តែ​មានការស្តារសន្តិសុខឡើងវិញសិន ដើម្បី​ធានា​ដល់ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌៕

រូបភាពពី Reuters