(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបាននិយាយថា ខ្លួនសង្ឃឹមថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នឹងអាចប្រសើរឡើង ទោះបីជានរណាទទួល​ជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

ឆ្លើយតបសំណួររបស់ក្រុមអ្នកកាសែត អ្នកនាំពាក្យសភាចិន លោក Lou Qinjian បាននិយាយយ៉ាងដូច្នេះថា «អ្នកបានលើកឡើងអំពី​ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក... វាគឺជាកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។ ទោះបីនរណាក្លាយជាប្រធានាធិបតីអាមេរិក​ក៏ដោយ យើងសង្ឃឹមថា សហរដ្ឋអាមេរិកបានធ្វើការ ក្នុងទិសដៅស្របគ្នាជាមួយចិន ហើយកសាងទំនាក់ទំនងចិន-អាមេរិកមួយ ដែលល្អ មានស្ថិរភាព ក៏ដូចជានិរន្តរភាព»

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន មានភាពមិនចុះសម្រុងគ្នាឡើយ ជុំវិញបញ្ហាសំខាន់ៗជាច្រើន រួមមានចាប់តាំងពីបច្ចេកវិទ្យា ពាណិជ្ជកម្ម សិទ្ធិមនុស្ស រហូតដល់តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤នេះ ទំនងជា​នឹងដាក់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យជួបតទល់ជាមួយប្រធានាធិបតីបច្ចុប្បន្នគឺ លោក ចូ បៃដិន សាជាថ្មី បន្ទាប់ពីលោក ត្រាំ បានចាញ់លោក បៃដិន កាលពីឆ្នាំ២០២០៕

រូបភាពពី Reuters