(ម៉ានីល)៖ នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយថា ប្រទេសរបស់លោកមានបំណងចង់ដោះស្រាយ​បញ្ហាជម្លោះដែនសមុទ្រជាមួយចិនដោយសន្តិវិធី ប៉ុន្តែលោកក៏ឆ្លៀតឱកាសផងដែរ ទទូចឱ្យទីក្រុងប៉េកាំងឈប់ធ្វើទុក្ខបុកម្នេញលើហ្វីលីពីន​តទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

ថ្លែងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ក្នុងទីក្រុង Melbourne លោក Manalo បាននិយាយការពារគោលការណ៍នៃរដ្ឋាភិបាល​របស់លោក ក្នុងការផ្សព្វផ្សាយឱ្យដឹងជាសាធារណៈ នូវសកម្មភាពនានារបស់ចិន នៅតំបន់ដែនសមុទ្រមានបញ្ហាវិវាទ ក្នុងនោះរួមមានទាំង ការធ្វើដំណើរឆ្លងកាត់នាពេលថ្មីៗនេះ នៃនាវាចម្បាំងចិន នៅក្បែរតំបន់ថ្មប៉ះប្រះទឹក Scarborough Shoal នៃសមុទ្រចិនខាងត្បូង។ វាគឺជា​កន្លែងប្រឈមមុខដាក់គ្នាយ៉ាងញឹកញាប់ រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា ស្របពេលដែលលោក Manalo បានទទូចឱ្យភាគីចិនបញ្ឈប់សកម្មភាពធ្វើទុក្ខបុកម្នេញ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនរូបនេះ ក៏បានលើកឡើងថា ហ្វីលីពីននៅតែប្តេជ្ញាចំពោះការស្វែងរក ដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហាជម្លោះ តាមរយៈមធ្យោបាយការទូត ឬមធ្យោបាយមិនប្រើកម្លាំងផ្សេងទៀត។ យ៉ាងណាក្តី លោក Manalo បានសង្កត់ធ្ងន់បន្ថែមថា វានឹងមិនត្រូវធ្វើឡើង ដោយប៉ះពាល់ចំពោះផលប្រយោជន៍ជាតិហ្វីលីពីន នោះឡើយ៕

រូបភាពពី AFP