(បាងកក)៖ មេធាវីរបស់លោកស្រី Yingluck Shinawatra ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បានអះអាងថា នៅថ្ងៃចន្ទនេះ តុលាការកំពូលនៃប្រទេសថៃ បានសម្រេចឱ្យ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួន រួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងមួយ ដែលពាក់ព័ន្ធទៅនឹងអំលុងពេលលោកស្រី នៅកាន់អំណាច កាលពីឆ្នាំ២០១៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

លោកស្រី Yingluck ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក Thaksin Shinawatra បាននិងកំពុរស់នៅឯក្រៅប្រទេស សម្រាប់រយៈពេល ៦ឆ្នាំមកនេះ ដើម្បីគេចវេះពីការផ្ទន្ទាទោសដាក់ពន្ធនាគារ បន្ទាប់ពីរដ្ឋាភិបាលលោកស្រី ត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធា ឆ្នាំ២០១៤។ លោក Thaksin ក៏ជាអតីតនាយករដ្ឋមន្រ្តីថៃដែរ ហើយធ្លាប់ត្រូវគេធ្វើរដ្ឋប្រហារយោធាដូចគ្នា កាលពីឆ្នាំ២០០៦។ លោក Thaksin Shinawatra ទើបតែត្រូវបានដោះលែងនាពេលថ្មីៗនេះ ពោលគឺ៦ខែ បន្ទាប់ពីរូបលោកបានជាប់ឃុំឃាំង ចាប់តាំងពីត្រឡប់ចូលស្រុកវិញ ក្រោយរស់នៅនិរទេសខ្លួនអស់ជាច្រើនឆ្នាំ។

គួរបញ្ជាក់ថា សំណុំរឿងខាងលើរបស់លោកស្រី Yingluck គឺផ្តើមចេញមកពីពាក្យបណ្តឹងមួយកាលពីឆ្នាំ២០២២ ធ្វើឡើងដោយគណៈកម្មការជាតិបង្ក្រាបអំពើពុករលួយ របស់ប្រទេសថៃ ប្រឆាំងលើរូបលោកស្រី និងបុគ្គល៤នាក់ទៀត ដែលបានចោទប្រកាន់ថា អ្នកទាំង៥ បានធ្វើឱ្យប្រទេសជាតិរងការខាតបង់ តាមរយៈការមិនអនុវត្តតាម ដំណើរការដេញថ្លៃ ក្នុងការផ្តល់កិច្ចសន្យាមួយរបស់រដ្ឋាភិបាល ដែលមានតម្លៃ២៥០លានបាត ឬស្មើនឹង៦.៧១លានដុល្លារ។ មេធាវីលោកស្រីបានអះអាងថា តុលាការកំពូលថៃ បានសម្រេចទម្លាក់ចោល​សំណុំរឿងនេះ ក្រោយរកឃើញថា អ្នកទាំង៥ បានបំពេញភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ ហើយពុំបានទទួលអត្ថប្រយោជន៍អ្វីឡើយ។

ដោយឡែក កាលពីឆ្នាំ២០១៧ លោកស្រី Yingluck ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ ពីបទធ្វេសប្រហែសក្នុងការបំពេញតួនាទី ហើយត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធគម្រោងរបស់រដ្ឋាភិបាលលោកស្រី ស្តីពីការជួយទិញស្រូវអង្ករប្រជាពលរដ្ឋ ដែលធ្វើឱ្យរដ្ឋខាតប្រាក់​សរុបខ្ទង់រាប់ពាន់លានដុល្លារ៕

រូបភាពពី Reuters