(ហ្សឺណែវ)៖ ប៉ូលិសក្រុង Zurich នៃប្រទេសស្វីស បាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ពួកគេកំពុងដំឡើងកម្រិតការពារសន្តិសុខនៅតាមមុខស្ថាប័នរបស់ជនជាតិជ្វីហ្វ បន្ទាប់ពីមានការវាយប្រហារដោយកាំបិតលើបុរសជនជាតិជ្វីហ្វគ្រិស្តអូតូដក់ម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់កាលពីថ្ងៃចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ២០២៤។

ប៉ូលិសនៅក្នុងទីក្រុងធំបំផុតរបស់ស្វីសមួយនេះ បានឱ្យដឹងថា បុរសអាយុ ៥០ឆ្នាំម្នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ហើយបុរសវ័យជំទង់ជនជាតិស្វីសអាយុ ១៥ឆ្នាំម្នាក់ដែលគេសង្ស័យថាជាជនល្មើស ត្រូវបានចាប់ខ្លួននៅនឹងកន្លែងកើតហេតុ។ ប៉ូលិសនិយាយទៀតថា ពួកគេបានពិគ្រោះយោបល់ជាមួយស្ថាប័នរបស់ជនជាតិជ្វីហ្វផ្សេងៗនៅក្នុងទីក្រុងក្រោយកើតឧប្បត្តិហេតុនេះ ហើយសម្រេចចិត្តដំឡើងការការពារសន្តិសុខពីត្រឹមតែនៅជុំវិញស្ថាប័ន ទៅវិធានការណ៍ប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា គេមិនទាន់ច្បាស់ទេពីហេតុផលនៃការវាយប្រហារនេះ ប៉ុន្តែបើតាមប៉ូលិសតំបន់ Cantonal Zurich និងការិយាល័យរដ្ឋអាជ្ញាយុវជនដែលទទួលបន្ទុកលើការស៉ើបអង្កេត កំពុងពិនិត្យលើលទ្ធភាពដែលថា វាអាចឧក្រិដ្ឋកម្មប្រឆាំងជនជាតិអ៉ីស្រាអែល៕

រូបភាពពី AFP