(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៉ីលោក Anthony Loke បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ម៉ាឡេស៉ីកំពុងជំរុញឱ្យមានការស្វែងរកសារជាថ្មីសម្រាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈថ្ងៃខួប ១០ឆ្នាំនៃការបាត់ខ្លួនជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

យន្តហោះ Boeing 777 នៃជើងហោះហើរ MH370 មានអ្នកដំណើរចំនួន ២២៧នាក់ និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។ ដំបូងឡើយ ក្រុមអ្នកស៉ើបអង្កេតម៉ាឡេស៉ី មិនបានច្រានចោលនូវលទ្ធភាពដែលថា យន្តហោះនេះបាត់ខ្លួនដោយចេតនានោះទេ តាមរយះកំទេចកម្ទីដែលត្រូវបានយកមកផ្ទៀងផ្ទាត់ ហើយអ្នកខ្លះជឿថាយន្តហោះនេះរសាត់ទៅតាមឆ្នេរសមុទ្រអាហ្វ្រិក និងនៅលើកោះនានាក្នុងមហាសមុទ្រឥណ្ឌា។

បើតាម លោក Anthony Loke ក្រុមហ៊ុនរុករកនៅបាតសមុទ្ររបស់សហរដ្ឋអាមេរិក Ocean Infinity ក៏ត្រូវបានអញ្ជើញឱ្យមកចូលរួមពិភាក្សាអំពីគម្រោងស្វែងរកជាថ្មីរបស់ម៉ាឡេស៉ីនេះដែរ។ លោក Loke បានបញ្ជាក់ថា «រដ្ឋាភិបាលម៉ាឡេស៉ី ប្តេជ្ញាចិត្តក្នុងការស្វែងរក ហើយដំណើរការរកជើងហោះហើរ MH370 ត្រូវតែបន្ត»

គួរបញ្ជាក់ថា ចាប់តាំងពីយន្តហោះនោះបាត់ខ្លួនក្នុងដែនអាកាសមក ដំណើរការស្វែងរក ២លើកបានបរាជ័យ។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមបាត់សមុទ្រដែលចំណាយថវិកាអស់ជាង ១៣០លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០១៧ ដោយមិនទទួលបានផ្លែផ្កា។ ក្រោយមកនៅឆ្នាំ ២០១៨ ម៉ាឡេស៉ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយប្រកាសផ្តល់ថវិកា ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ៕

រូបភាពពី Reuters