(Reuters)៖ ទីភ្នាក់សារព័ត៌មានរុស្ស៉ី Interfax នៅថ្ងៃចន្ទ ទី៤ ខែមីនានេះបានរាយការណ៍ថានាវាពិឃាដរបស់កងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់ប៉ាស៊ីហ្វិក Marshal Shaposhnikov បានធ្វើដំណើរទៅដល់កំពង់ផែ Hamad របស់ប្រទេសកាតាហើយ ដើម្បីចូលរួមពិព័រណ៍អាវុធ DIMDEX-2024។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Interfax ផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីទ័ពជើងទឹករុស្ស៉ី បានបញ្ជាក់ទៀតថា ពិធីស្វាគមន៍ការមកដល់នៃនាវាចម្បាំងរុស្ស៉ី បានប្រព្រឹត្តទៅនៅឯកំពង់ផែ Hamad ដោយមាន ការចូលរួមពីមន្ត្រីស្ថានទូតរុស្ស៉ីប្រចាំប្រទេសកាតា និងក្រុមមន្ត្រីនៃកងកម្លាំងជើងទឹករបស់កាតា។ តាម Interfax នាវាពិឃាដរុស្ស៉ី Marshal Shaposhnikov ដែលកាលពីខែមករា កន្លងទៅ បានដឹកនាំការធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង បានធ្វើដំណើររយៈចម្ងាយឆ្ងាយចាប់តាំងពីថ្ងៃទី២២ ខែមករាមកម្ល៉េះ។

គួរបញ្ជាក់ថា ពិព័រណ៍អាវុធ DIMDEX-2024 ក្នុងទីក្រុងដូហា នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនានេះ៕

រូបភាពពី Reuters