(សេអ៊ូល)៖ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទ ទី៤ ខែមីនានេះថាអាជ្ញាធរនឹងចាប់ផ្ដើមធ្វើអធិការកិច្ចនៅតាមមន្ទីរពេទ្យនានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងក្រុមគ្រូពេទ្យកម្មសិក្សាដែលមិនអើពើចំពោះឱសានវាទរបស់រដ្ឋាភិបាលឱ្យពួកគេបិទបញ្ចប់ការធ្វើកូដកម្ម ដើម្បីសម្ដែងការប្រឆាំងជំទាស់ទៅនឹងផែនការបង្កើន ចំនួននិស្សិតពេទ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមគ្រូពេទ្យកម្មសិក្សាប្រហែលជា ៩០០០នាក់ ឬស្មើនឹងជាង ៧០ភាគរយនៃគ្រូពេទ្យកម្មសិក្សាទូទាំងប្រទេសកូរ៉េខាងត្បូង បានធ្វើកូដកម្មមិនចូលធ្វើការ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ជាហេតុធ្វើឱ្យមន្ទីរពេទ្យជាច្រើនត្រូវបង្ខំចិត្តលុបចោលការវះកាត់ និងការព្យាបាលមួយចំនួន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសង្រ្គោះបន្ទាន់។ ជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ឱសានវាទឱ្យក្រុមគ្រូពេទ្យកម្មសិក្សាដែលកំពុងធ្វើកូដកម្មតវ៉ា ត្រឡប់ចូលមកធ្វើការវិញត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បើពុំដូច្នោះទេពួកគេនឹងត្រូវ ប្រឈមមុខនឹងវិធានការផ្លូវការច្បាប់ ក្នុងនោះរួមមានទាំងការព្យួរអាជ្ញាបណ្ណពេទ្យ និងការពិន័យជាប្រាក់ ឬក៏ត្រូវជាប់ពន្ធនាគារ។

ប៉ុន្តែ គិតត្រឹមថ្ងៃព្រហស្បតិ៍នោះដែរ មានគ្រូពេទ្យកម្មសិក្សាត្រឹមតែ ៥៦៥នាក់ប៉ុណ្ណោះបានត្រឡប់ទៅធ្វើការវិញ ខណៈ៨៩៤៥នាក់បន្តធ្វើកូដកម្មនៅឡើយ។ ក្នុងសន្និសីទ សារព័ត៌មានខ្លីមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Cho Kyoo-hong បានបញ្ជាក់ថា ចាប់ពីថ្ងៃចន្ទនេះ អាជ្ញាធរនឹងចុះធ្វើអធិការកិច្ច ដើម្បីបញ្ជាក់ថាតើមានគ្រូពេទ្យកម្មសិក្សាណាខ្លះដែលមិនព្រមត្រឡប់មកធ្វើការវិញ ហើយនឹងចាត់វិធានការផ្លូវច្បាប់ និងគោលការណ៍នានាដោយគ្មានការលើកលែងឡើយ។

ក្រោយការលើកឡើងរបស់លោក Cho Kyoo-hong អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Park Min-soo ក៏បានប្រាប់សន្និសីទសារព័ត៌មានខ្លីនោះដែរថារដ្ឋាភិបាលនឹង ព្យួរអាជ្ញាបណ្ណពេទ្យរបស់គ្រូពេទ្យកម្មសិក្សា ៧០០០នាក់ ដែលបានបោះបង់ចោលការងាររបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង ក្រុមគ្រូពេទ្យកម្មសិក្សាដែលស្ថិតនៅក្រោមការដាក់ពិន័យ នឹងត្រូវប្រឈមមុខនឹងការព្យួរអាជ្ញាបណ្ណពេទ្យរយៈពេល១ឆ្នាំ ឬក៏អាចប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ ៣ឆ្នាំ ឬត្រូវពិន័យជាប្រាក់ ៣០លានវ៉ុន ឬស្មើនឹង ២២ ៤៥៥ដុល្លារ។ តែមកទល់នឹងពេលនេះ មិនមានសញ្ញាពីដំណោះស្រាយ នៅឡើយទេ ខណៈទាំងគ្រូពេទ្យសកម្មសិក្សា និងរដ្ឋាភិបាលនៅតែប្រកាន់ជំហរមិនព្រមដកថយរៀងៗខ្លួន៕

រូបភាពពី Reuters