(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៤ ខែមីនាបានចាប់ផ្ដើមបើកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលមានកងទ័ពចូលរួមកើនឡើងទ្វេដង បើធៀបទៅនឹងសមយុទ្ធយោធាកាលពីឆ្នាំមុន ប្រឈមមុខនឹងភាពតានតឹងជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

សមយុទ្ធយោធារួមគ្នាឈ្មោះ Freedom Shield នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមីនា ចំពេលដែលកូរ៉េខាងជើងបន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ជាមួយការធ្វើតេស្ដមីស៊ីល និងអាវុធស៊េរីថ្មី។ សមយុទ្ធយោធានេះក៏ជាលើកដំបូងផងដែរ ចាប់តាំងពីទីក្រុងព្យុងយ៉ាងលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឱ្យដឹងថាកងទ័ពអាមេរិកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏បានចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេផងដែរ ដោយមាន រយៈពេល ៥ថ្ងៃ។

គួរបញ្ជាក់ថា ជាទម្លាប់ កូរ៉េខាងជើងតែងតែចាត់ទុកសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាការត្រៀមលក្ខណៈឈ្លានពានទីក្រុងព្យុងយ៉ាង ជាមួយ ការធ្វើតេស្ដមីស៊ីល ដើម្បីបង្ហាញការប្រឆាំងរបស់ខ្លួន។ ប៉ុន្តែ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានអះអាងថាសមយុទ្ធរបស់ខ្លួនគឺជាការការពារខ្លួនសុទ្ធសាធ និងជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង៕

រូបភាពពី Reuters