(SELMA, Alabama)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា បានអំពាវនាវឱ្យផែនការនៃបទឈប់បាញ់រយៈពេល ៦សប្ដាហ៍ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានទទួលយក ខណៈលោកស្រីរិះគន់អ៉ីស្រាអែលជុំវិញលំហូរចូលជំនួយមិនគ្រប់គ្រាន់ទៅក្នុង តំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អំឡុងសុន្ទរកថាមួយក្នុងទីក្រុង Selma នៃរដ្ឋ Alabama លោកស្រី Kamala Harris បានគូសបញ្ជាក់ថាដោយសារតែទំហំដ៏ធំសម្បើមនៃការឈឺចាប់ ក្នុងតំបន់ហ្កាហ្សា ដូច្នេះត្រូវតែមានបទឈប់បាញ់បន្ទាន់មួយយ៉ាងហោចសម្រាប់រយៈពេល៦សប្ដាហ៍។ លោកស្រីបន្ថែមថាបទឈប់បាញ់នេះនឹងសម្រួលឱ្យមាន ការដោះលែងចំណាប់ខ្មាំង ព្រមទាំងលំហូរចូលជំនួយមនុស្សធម៌ ជាមួយការអំពាវនាវឱ្យក្រុមហាម៉ាសទទួលកិច្ចព្រមព្រៀងនេះ។ «ក្រុមហាម៉ាសបានអះអាងថា ពួកគេចង់បានបទឈប់បាញ់។ ឥលូវកិច្ចព្រមព្រៀងមួយកំពុងស្ថិតនៅលើតុ ហើយដូចដែលយើងបានលើកឡើង ក្រុមហាម៉ាសចាំបាច់ត្រូវតែទទួលយក កិច្ចព្រមព្រៀងនោះ»។

ប៉ុន្តែព្រមពេលជាមួយគ្នា អនុប្រធានាធិបតីអាមេរិករូបនេះក៏បានរិះគន់អ៉ីស្រាអែលផងដែរ ជុំវិញបញ្ហាផ្ដល់ជំនួយមិនគ្រប់គ្រាន់ចូលទៅក្នុងតំបន់ហ្កាហ្សា និងជំរុញឱ្យ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចាត់វិធានការដើម្បីបង្កើនជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកដឹកនាំការ ទម្លាក់ជំនួយមនុស្សធម៌តាមយន្ដហោះជាលើកដំបូង ខណៈក្រុមអ្នកជំនាញថាការទម្លាក់ជំនួយមនុស្សធម៌តាមយន្ដហោះបែបនេះបានបង្ហាញពីការខកចិត្តរបស់ សហរដ្ឋអាមេរិកចំពោះរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បាននិយាយថាអ៉ីស្រាអែលបានទទួលយកមួយផ្នែកធំនៃលក្ខខណ្ឌកិច្ចព្រមព្រៀងមួយ ដែលនឹងឈានទៅដល់បទឈប់បាញ់រយៈពេល៦សប្ដាហ៍ ប្រសិនបើក្រុមហាម៉ាសយល់ព្រមដោះលែងចំណាប់ខ្មាំង៕

រូបភាពពី AFP