(រីយ៉ាទ)៖ ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ដែលហៅកាត់ថា GCC នៅថ្ងៃអាទិត្យនេះ បានបើកសម័យប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១៥៩ របស់ខ្លួននៅទីក្រុងរីយ៉ាទ ខណៈដែលកិច្ចប្រជុំដាច់ដោយឡែកមួយ ត្រូវបានធ្វើឡើងជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្ស៊កដានី អេហ្ស៊ីប និងម៉ារ៉ុក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

GCC បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរួមគ្នាមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shukri រដ្ឋមន្ត្រីការបរទេសហ្សកដានី លោក Ayman Safadi និងរដ្ឋមន្ត្រីការបរទេសម៉ារ៉ុក លោក Nasser Bourita ។

នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Shukri បាននិយាយថា អ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា គឺជាផែនការជាប្រព័ន្ធមួយ ដើម្បីរំលាយបុព្វហេតុប៉ាឡេស្ទីន។ លោកបានបន្ថែមថា «ដំណោះស្រាយសន្តិសុខចំពោះជម្លោះ មិនបាននាំមកនូវអ្វីក្រៅពីការបំផ្លិចបំផ្លាញដល់តំបន់ ហើយការកើនឡើងជម្លោះនៅតំបន់ហ្គាហ្សា នឹងរីករាលដល់ដល់សមុទ្រក្រហម និងច្រកសមុទ្រម៉ាន់ដាប (al-Mandab)​ បន្ថែមទៀត»។

អគ្គលេខាធិការ នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្យ (GCC) លោក Jassim Mohamed Boudaiwi បានអះអាងជាថ្មីអំពីជំហររួមនៃបណ្តាប្រទេស GCC និងបានថ្កោលទោសចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល លើច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា ជាពិសេសការកំណត់ទិសដៅដោយផ្ទាល់លើជនស៊ីវិល។ លោក ក៏​បាន​សង្កត់​ធ្ងន់​អំពី​តម្រូវ​ការ​ជា​បន្ទាន់​សម្រាប់​បទ​ឈប់​បាញ់ផងដែរ។

គួរជម្រាបថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ដែលហៅកាត់ថា GCC មានសមាជិក ៦ប្រទេស រួមមានប្រទេសអារ៉ាប៊ីសាអ៊ូឌីត គូវ៉ែត តាកា​ បារ៉ែន អេមៀរ៉ាត់អារ៉ាប់រួម និងប្រទេសអ៊ូម៉ង់៕

រូបភាពពី AFP