(ម៉ានីល)៖ ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងប្រទេសចិន ដោយនិយាយថា ពួកគេ «មិនអើពើនឹងការពិតជាមូលដ្ឋាន»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីថ្លែងការណ៍ទាំងនេះ «បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងដោយចេតនាមិនល្អ ហើយបានបង្កឱ្យមានការសង្ស័យ និងការបំភ្លៃការពិតប្រឆាំងនឹងប្រទេសចិន»។

ស្ថានទូត​ចិន​ ក៏បាន​ជំរុញ​ហ្វីលីពីន​ឱ្យ​បញ្ឈប់​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ផ្សេង​ទៀត​សម្រាប់​ការ​គាំទ្រ ហើយ​បាន​ចោទ​ប្រកាន់ពួកគេ​ថា ​បាន​បំផ្លាញ​ស្ថិរភាព​ក្នុង​តំបន់ ដោយបានលើកឡើងយ៉ាងដូច្នេះថា «ការអញ្ជើញសត្វចចកចូលផ្ទះ នឹងមិនគ្រាន់តែជួយដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញវានឹងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ស្មុគស្មាញ និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ថែមទៀតផង»។

ទោះជាយ៉ាងណា ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា ភាព​តានតឹង​បាន​ផ្ទុះឡើង​ជុំវិញ​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយទីក្រុងប៉េកាំង និងម៉ានីលបានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។

ប្រទេសចិនទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវឆ្លងកាត់ សម្រាប់ពាណិជ្ជកម្មដឹកជញ្ជូនប្រចាំឆ្នាំជាង ៣ ពាន់ពាន់លានដុល្លារ រួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០១៦ បានបដិសេធការទាមទាររបស់ចិន ដោយនិយាយថា វាមិនមានមូលដ្ឋានផ្លូវច្បាប់ទេ៕