(អ៉ីស្លាម៉ាបាដ)៖ សមាជិកសភានៃសភាជាតិប៉ាគីស្ថាន នៅថ្ងៃអាទិត្យ ទី៣ ខែមីនានេះបានបោះឆ្នោតជ្រើសរើសលោក Shehbaz Sharif ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេស និងជាលើកទី២ដែលលោកបានកាន់តំណែងកំពូលមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមប្រធានសភាជាតិប៉ាគីស្ថាន លោក Ayaz Sadiq លោក Shehbaz Sharif ទទួលបានសំឡេងគាំទ្រពីសមាជិកសភា ២០១រូប ដោយយកឈ្នះលើ គូប្រជែងរបស់លោក គឺលោក ​Omar Ayub ដែលទទួលបានសំឡេងគាំទ្រ ៩២។ លោក Sharif ត្រូវការសំឡេងគាំទ្រចាំបាច់ ១៦៩ ដើម្បីទទួលបានសំឡេង គាំទ្រភាគច្រើន។

ប៉ុន្តែ ព្រមពេលជាមួយគ្នា សម្ព័ន្ធមិត្តរបស់លោកអតីតនាយករដ្ឋមន្ត្រីImran Khan នៅក្នុងសភាជាតិប៉ាគីស្ថាន បាននាំគ្នាស្រែកប្រឆាំងនឹងការបោះឆ្នោតតែងតាំង លោក Sharif និងចោទប្រកាន់ថាការបោះឆ្នោតសកលកាលពីខែកុម្ភៈកន្លងទៅត្រូវបានលួចបន្លំ។ លោក Sharif មានអាយុ ៧២ឆ្នាំក៏ធ្លាប់បានកាន់តំណែងជា នាយករដ្ឋមន្ត្រីប៉ាគីស្ថានផងដែរ កាលពីឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣៕