(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តី លោក Donald Tusk បាននិយាយអំឡុងពេលដែលសមភាគីឡេតូនីរបស់លោក មកកាន់ទីក្រុងវ៉ាសូវី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប៉ូឡូញមិនច្រានចោលលទ្ធភាពដាក់បម្រាម លើផលិតផលកសិកម្មនាំចូលពីរុស្ស៉ីនោះទេ។ នេះបើយោងតាមការចេញដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ ២០២៤។

ដូចបណ្តាប្រទេសអឺរ៉ុបដែរ ប៉ូឡូញបានរងនូវការតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដោយក្រុមកសិករនាំគ្នាធ្វើបាតុកម្មប្រឆាំងបទប្បញ្ញត្តិបរិស្ថានរបស់សហភាពអឺរ៉ុប និងអ្វីដែលពួកគេនិយាយថា ជាការប្រកួតប្រជែងគ្មានតម្លាភាពពីសំណាក់អ៊ុយក្រែន ចាប់តាំងពីប្លុកនេះលើកលែងពន្ធលើការនាំចូលកាលពីឆ្នាំ ២០២២។

យ៉ាងនេះក្តី លោក Tusk បាននិយាយថា ផលិតផលកសិកម្មពីរុស្ស៉ី និងបេឡារុស ក៏កំពុងធ្វើឱ្យខូចទីផ្សារផងដែរ។ លោក Tusk បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «ឡេតូនី សម្រេចចិត្តអនុវត្តការហ៊ុំព័ទ្ធលើការនាំចូលផលិតផលកសិកម្មពីរុស្ស៉ី។ យើងនឹងវិភាគលើករណីរបស់ឡេតូនី ហើយខ្ញុំមិនបដិសេធទេថា ប៉ូឡូញអាចនឹងមានគំនិតផ្តួចផ្តើមបែបនេះដែរ»។

គួរបញ្ជាក់ថា បើតាមលោកនាយរដ្ឋមន្រ្តីប៉ូឡូញរូបនេះ សហភាពអឺរ៉ុបចាំបាច់ត្រូវផ្តោតការយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យបទប្បញ្ញត្តិរបស់ខ្លួនកាន់តែប្រសើរ នៅពេលនិយាយអំពីការនាំចូលគ្រាប់ធញ្ញជាតិ និងផលិតផលអាហារមកពីភាគខាងកើត ខណៈដែលលោកកំណត់ពេលជួបក្រុមកសិករ នៅក្នុងខែមីនានេះ៕

រូបភាពពី Reuters