(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថារូបលោកនឹងធ្វើដំណើរទៅកាន់ កូរ៉េខាងត្បូង នៅខែមីនាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យលើកទី៣ ដែលកិច្ចប្រជុំនេះជាគំនិតផ្ដួចផ្ដើមមួយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Blinken បាននិយាយថាកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យគឺពិតជាមានសារៈសំខាន់ ជាទីបំផុតចំពោះលោក បៃដិន។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាអរគុណដែលអ្នកបានយកចិត្តទុកលើកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ហើយ ខ្ញុំពិតជាទន្ទឹងរង់ចាំធ្វើដំណើរទៅកូរ៉េខាងត្បូង និងចូលរួមកិច្ចប្រជុំនេះ»

គួរបញ្ជាក់ថា កូរ៉េខាងត្បូងគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនាខាងមុខ។ លោក បៃដិន បានផ្ដួចផ្ដើមបង្កើតកិច្ចប្រជុំកំពូលនេះ ឡើង ជាមួយការរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញលើកទី១​ ក្នុងឆ្នាំ២០២១ និងលើកទី២ នៅឆ្នាំ២០២៣៕

រូបភាពពី Reuters