(កង់បេរ៉ា)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានប្រាប់សភាអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈនេះថាប្រទេសលោករបស់លោក កំពុងស្ថិត នៅលើសមរភូមិនៃការប្រយុទ្ធតស៊ូមួយដើម្បីសន្តិភាពក្នុងតំបន់ ខណៈរូបលោកកំពុងព្យាយាមស្វែងរកការគំាទ្រ នៅក្នុងជម្លោះដែនសមុទ្រជាមួយចិន នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភ្ជាប់ជាមួយការអះអាងពីការប្រទះឃើញនាវាចម្បាំងចិននៅក្នុងដែនទឹកនៃឆ្នេរសមុទ្ររបស់ហ្វីលីពីន លោក Marcos បានប្រាប់សមាជិកសភាអូស្ត្រាលីថាហ្វីលីពីន បច្ចុប្បន្នកំពុងស្ថិតនៅលើសមរភូមិប្រឆាំងនឹងសកម្មភាពដែលកំពុងបំផ្លាញដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ ព្រមទាំងគំរាមកំហែងដល់ភាពរុងរឿងនៅក្នុងតំបន់។

លោកបានប្ដេជ្ញាថានឹងប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យរបស់ហ្វីលីពីន។ លោក Marcos បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងមិនអនុញ្ញាតឱ្យមហាអំណាច បរទេសណាមួយ ដណ្ដើមយកអធិបតេយ្យទឹកដីរបស់យើងសូម្បីតែមួយចំអាម»។ លោកបន្ថែមថា «បញ្ហាដែលយើងកំពុងប្រឈមគឺជាបញ្ហាដ៏លំបាកមួយ ប៉ុន្តែយើង មានការប្ដេជ្ញាចិត្តប្រឈមនឹងការលំបាកនេះ ហើយយើងនឹងមិនចុះញ៉មឡើយ»

គួរបញ្ជាក់ថា អាជ្ញាធរហ្វីលីពីន នៅក្នុងសប្ដាហ៍នេះបានអះអាងពីការប្រទះឃើញនាវាចម្បាំងចិនជាច្រើនគ្រឿងនៅជុំវិញតំបន់ថ្មប៉ប្រះទឹកមានវិវាទ Scarborough Shoal ដែលចិនបានគ្រប់គ្រងតាំងពីឆ្នាំ២០១២មក៕

រូបភាពពី Reuters