(ជីស៊ីណូ)៖ ក្រុមឧទ្ទាមគាំទ្ររុស្ស៉ី នៅក្នុងតំបន់ផ្ដាច់ខ្លួន Transnistria ក្នុងប្រទេសម៉ុលដាវី កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈបានអំពាវនាវឱ្យរុស្ស៉ីការពារពួកគេ ចំពោះមុខការព្រួយបារម្ភថាដែនដីមួយនេះអាចនឹងក្លាយជាចំណុចក្ដៅថ្មីមួយនៅក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ ជាមួយអ៊ុយក្រែនដែលមានព្រំដែនជាប់ម៉ុលដាវី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តំបន់ផ្ដាច់ខ្លួន Transnistria បានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមគាំទ្ររុស្ស៉ី ចាប់តាំងពីការរលំរលាយអតីតសហភាពសូវៀត។ ប៉ុន្តែអន្តរជាតិ បានទទួលស្គាល់ថាតំបន់នេះជាផ្នែកមួយនៃទឹកដីរបស់ម៉ុលដាវី។ នៅឯសម័យប្រជុំសភាពិសេសមួយ សមាជិកសភានៃតំបន់ផ្ដាច់ខ្លួនបានអនុម័ត ដំណោះស្រាយមួយដោយស្នើឱ្យសភារុស្ស៉ីការពារតំបន់ Transnistria ពីការដាក់សម្ពាធដោយរដ្ឋាភិបាលម៉ុលដាវី។

សមាជិកសភាទាំងនោះ បាននិយាយថារដ្ឋាភិបាលម៉ុលដាវី ក្នុងទីក្រុង ជីស៊ីណូ (Chisinau) បានបង្កើនការដាក់សម្ពាធយ៉ាងខ្លាំង តាមរយៈការធ្វើសង្រ្គាម សេដ្ឋកិច្ចប្រឆាំងនឹងតំបន់ Transnistria ដោយបានបិទខ្ទប់កំពង់ផែសំខាន់ៗ ក្នុងគោលបំណងប្រែក្លាយតំបន់នេះទៅជាតំបន់ដ៏ក្រីក្របំផុតមួយ។

គួរបញ្ជាក់ថា ការអនុម័តដំណោះស្រាយខាងលើរបស់សភាក្នុងតំបន់ Transnistria កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន គ្រោងនឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំមួយ នៅចំពោះមុខសមាជិកសភារុស្ស៉ី និងខណៈអ៊ុយក្រែនបានបរាជ័យនៅលើសមរភូមិជាបន្តបន្ទាប់ ប្រឈមមុខនឹង ការខ្វះខាតជំនួយយោធាពីលោកខាងលិច។ កាលពីឆ្នាំ២០០៦ តំបន់ផ្ដាច់ខ្លួន Transnistria បានរៀបចំសម័យប្រជុំសភាមួយ ដោយនៅពេលនោះ សមាជិកសភាបានប្រកាសពីការរៀបចំការបោះឆ្នោតប្រជាមតិមួយ ដើម្បីធ្វើសមាហរណកម្មជាមួយរុស្ស៉ី ហើយលទ្ធផលបោះឆ្នោតបង្ហាញពីការគាំទ្រភាគច្រើន លើសលប់ឱ្យតំបន់នេះក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី។

ប៉ុន្តែ គួរឱ្យកត់សម្គាល់ នោះគឺថាការអំពាវនាវសុំជំនួយពីទីក្រុងមូស្គូនៅពេលនេះ បានធ្វើឱ្យគេនឹកឃើញដល់ពេលមួយកាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាពេលដែល ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន បានអំពាវនាវស្វែងរកការការពារពីរុស្ស៉ីប្រឆាំងនឹងអ្វីដែលពួកគេបានហៅថាការវាយប្រហារ និងការផ្លោងគ្រាប់ឥតឈប់ឈរពីសំណាក់កងកម្លាំងអ៊ុយក្រែន។ ក្នុងខែកុម្ភៈ ឆ្នាំដដែលនោះដែរ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលឈ្លានពាន អ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស ហើយសង្រ្គាមបានអូសបន្លាយមកទល់នឹងសព្វថ្ងៃ៕

រូបភាពពី AFP