(Reuters)៖ សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី២៨ ខែកុម្ភៈបានព្រមានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថាកងទ័ពទាំងអស់ដែលលោកបញ្ជូនទៅអ៊ុយក្រែន នឹងមានជោគវាសនាដូចគ្នាទៅនឹងកងទ័ពរបស់អតីតអធិរាជបារាំង Napoleon Bonaparte ដែលបានឈ្លានពានរុស្ស៉ីក្នុងឆ្នាំ១៨១២ ជាមួយការបិទបញ្ចប់ទៅដោយការស្លាប់ និងបរាជ័យ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ាក្រុង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បានលើកឡើងពីលទ្ធភាព ដែលបណ្ដាប្រទេសអឺរ៉ុបបញ្ជូនកងទ័ពទៅជួយអ៊ុយក្រែន។ តែ ការអត្ថាធិប្បាយបែបនេះបានបង្កឱ្យមានការច្របូកច្របល់នៅក្នុងចំណោមបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច ក្នុងនោះរួមមានអាមេរិក អាល្លឺម៉ង់ និងអង់គ្លេសបានចេញមុខប្រកាសថាពួកគេគ្មានផែនការបញ្ជូនកងទ័ពទៅអ៊ុយក្រែននោះទេ ខណៈវិមានក្រឹមឡាំងក៏បានព្រមានដែរថា វត្តមានកងទ័ពលោកខាងលិចនៅអ៊ុយក្រែន នឹងបង្កទៅជាសង្រ្គាមដោយផ្ទាល់រវាងរុស្ស៉ី និង NATO។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ម៉ាក្រុងដែរ លោក Vyacheslav Volodin ជាប្រធានសភាជាន់ទាបរុស្ស៉ី និងជាសម្ព័ន្ធមិត្តម្នាក់របស់ លោក ពូទីន បាននិយាយថាលោក ម៉ាក្រុង ហាក់ដូចជាកំពុងតាំងខ្លួនជា Napoleon និងបានព្រមានកុំឱ្យលោក ម៉ាក្រុង ដើរតាមជំហានរបស់ អតីតអធិរាជបារាំងរូបនេះ។ លោក Volodin បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីរក្សាអំណាចផ្ទាល់ខ្លួន លោក ម៉ាក្រុង មិនបានគិតអ្វីដែលល្អប្រសើរនោះទេ ក្រៅតែពីពន្យុះឱ្យមានសង្រ្គាមលោកលើកទី៣ ដែលនេះគឺជាគ្រោះថ្នាក់មួយសម្រាប់ប្រជាជនបារាំង។ ដូច្នេះនៅមុនធ្វើការអត្ថាធិប្បាយរបៀបនេះ វាជារឿងត្រឹមត្រូវដែលលោក ម៉ាក្រុង ត្រូវចងចាំពីអ្វីដែលបានកើតឡើងលើ Napoleon និងកងទ័ពរបស់គាត់ច្រើនជាង ៦០០ ០០០នាក់ ដែលបានស្លាប់»

គួរបញ្ជាក់ថា ការឈ្លានពានរបស់អតីតអធិរាជបារាំង Napoleon ក្នុងឆ្នាំ១៨១២ មានភាពរីកចម្រើននៅដំណាក់កាលដំបូង ដោយបានដណ្ដើមគ្រប់គ្រង ទីក្រុងមូស្គូ។ តែកងទ័ពរុស្ស៉ីបានវាយបណ្ដេញឱ្យកងទ័ពរបស់អធិរាជបារាំងរូបនេះឱ្យដកថយ ហើយជាលទ្ធផលកងទ័ពបារាំងរាប់សែននាក់ បានស្លាប់ ដោយសារជំងឺឆ្លង ការអត់ឃ្លាន និងអាកាសធាតុត្រជាក់៕

រូបភាពពី Reuters