(ហ្គាហ្សា)៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki បាននិយាយនៅថ្ងៃពុធនេះថា លោកជឿថា ក្រុមហាម៉ាស់យល់ពីមូលហេតុ ដែលខ្លួនមិនគួរជាផ្នែកមួយ នៃរដ្ឋាភិបាលថ្មីនៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក al-Maliki បានប្រាប់សន្និសីទសារព័ត៌មានថា ចាំបាច់ត្រូវមានរដ្ឋាភិបាល «ជំនាញ» ដោយគ្មានក្រុមដែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែលចូលរួមឡើយ។ ដោយលោកបានសង្កត់ធ្ងន់ថា ឥឡូវនេះវា​មិន​មែន​ជា​ពេលវេលា សម្រាប់ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នោះទេ។

លោកបានប្រាប់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានអង្គការសហប្រជាជាតិ ដូច្នេះថា «ឥឡូវនេះមិនមែនជាពេលដែលក្រុមហាម៉ាស ចូលរួមក្នុងរដ្ឋាភិបាលនោះទេ ពីព្រោះក្នុងករណីនេះវានឹងត្រូវបានធ្វើពហិការ ដោយប្រទេសជាច្រើនដូចដែលបានកើតឡើងពីមុនមក»។

លោកបានពន្យល់ថា «យើងមិនចង់ស្ថិតក្នុងស្ថានភាពបែបនេះទេ។ យើងចង់ឱ្យសហគមន៍អន្តរជាតិទទួលយក និងចូលរួមយ៉ាងពេញលេញនៅក្នុងដំណើរការនេះ»។ លោកបានបន្ថែមថា អាទិភាពសំខាន់ គឺធ្វើឱ្យសហគមន៍អន្តរជាតិចូលរួម ដើម្បីជួយផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប៉ាឡេស្ទីន ហើយបន្ទាប់មកមើលពីរបៀបកសាងតំបន់ហ្គាហ្សាឡើងវិញ។

គួរជម្រាបថា កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Shtayeh បានប្រកាសអំពីការលាលែងពីតំណែងរបស់លោក ដែលគ្រប់គ្រងផ្នែកខ្លះនៃតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ដោយលើកឡើងពីតម្រូវការសម្រាប់ការផ្លាស់ប្តូរ បន្ទាប់ពីការបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ក្រឹត្យ​មួយ​ចេញ​ដោយ​ប្រធានាធិបតី​ប៉ាឡេស្ទីន លោក Mahmoud Abbas បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​នៅ​តែ​កាន់​អំណាច​បណ្ដោះ​អាសន្ន ​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង៕

រូបភាពពី AFP