(ហ្សឺណេវ)៖ មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ៥៧៦,០០០ នាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលតំណាងឱ្យមួយភាគបួននៃចំនួនប្រជាជនសរុប គឺស្ថិតនៅមួយជំហានប៉ុណ្ណោះពីគ្រោះទុរ្ភិក្ស ដោយព្រមានថា បើគ្មានវិធានការណ៍ទេ គ្រោះទុរ្ភិក្សរីកអាចរាលដាលដោយជៀសមិនរួចឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កុមារម្នាក់ក្នុងចំនោម ៦ នាក់ដែលមានអាយុក្រោម ២ ឆ្នាំនៅតំបន់ហ្គាហ្សាភាគខាងជើង ទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយតំបន់ទាំងមូលនៃប្រជាជនចំនួន ២.៣ លាននាក់ពឹងផ្អែកលើជំនួយស្បៀង «មិនគ្រប់គ្រាន់» ដើម្បីរស់រានមានជីវិត នេះបើតាមលោក Ramesh Rajasingham នាយកសម្របសម្រួលកម្មវិធីជំនួយរបស់អង្គការសហប្រជាជាតិ OCHA បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ។

នាយករងប្រតិបត្តិរបស់ WFP លោក Carl Skau បានប្រាប់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥​ នេះថា «ប្រសិនបើបទឈប់បាញ់ត្រូវបានសម្រេចបាន កម្មវិធីស្បៀងអាហារពិភពលោកបានត្រៀមខ្លួនជាស្រេច ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនឱ្យយ៉ាងឆាប់រហ័សតាមតែអាចធ្វើទៅបាន»។

លោកបាននិយាយទៀតថា «ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ហានិភ័យនៃគ្រោះទុរ្ភិក្សកំពុងកើនឡើងដោយសារតែអសមត្ថភាព ក្នុងការផ្តល់ការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់តំបន់ហ្គាហ្សាក្នុងបរិមាណគ្រប់គ្រាន់ និងលក្ខខណ្ឌការងារស្ទើរតែមិនអាចទៅរួចទេ ដែលបុគ្គលិករបស់យើងកំពុងប្រឈមមុខនឹងអស់សង្ឈឹមយ៉ាងខ្លាំង»។

គួរបញ្ជាក់ថា សង្គ្រាមនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣ នាក់ នេះបើយោងតាមស្ថិតិរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ប្រតិបត្តិការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៣០,០០០នាក់៕