(ប៉ារីស)៖ សម្តីជម្រុញមួយរបស់ប្រធានាធិបតីបារាំង ដែលចង់ឱ្យមានការបញ្ជួនកងកម្លាំងថ្មើរជើងប្រទេសជាសមាជិកអង្គការណាតូ ទៅជួយធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានប្រញាប់ឱ្យប្រទេសមួយចំនួនបានបដិសេធ ដោយខ្លាចក្រែងការផ្ទុះឡើង នូវសង្គ្រាមលោកលើកទី៣។ រុស្ស៊ីដែលមានគ្រាប់អាវុធនុយក្លេអ៊ែរច្រើនជាងគេលើសកលលោក បានថ្លែងព្រមានថា ការផ្ទុះឡើងនូវ សង្គ្រាមរវាងរុស្ស៊ីនិងអង្គ ករណាតូ នឹងមិនអាចចៀសផុតឡើយបើសិន ជាមានការបញ្ជួនកង កម្លាំងណាតូក្នុងការជួយ ប្យុទ្ធជាមួយអ៊ុយក្រែននៅលើសមរភូមិ នោះមែន។

ពិភពលោកកំពុងចាប់អារម្មណ៍នឹងសម្តីមួយ របស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ា ក្រុង ដែលចង់ឱ្យមានការបញ្ជួន កងកម្លាំងថ្មើរជើងប្រទេស ជាសមាជិកអង្គការណាតូទៅជួយ ធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ខណៈឆ្នាំ២០២៤នេះស្ថានការណ៍ប្រយុទ្ធ ក្នុងប្រទេសអ៊ុយ ក្រែនត្រូវគេឃើញថាកាន់តែយ៉ាប់យ៉ឺន ដោយសារតែការខ្វះជំនួយទាំងយោធា និងកម្លាំងធន ធានកងទ័ព។ សម្តីរបស់ប្រធានាធិបតីបារាំង ទោះជាយ៉ាងណាក៏ដោយត្រូវបានគេចាត់ទុកថា ជាវិធីសាស្ត្រនៃការបោះសន្ទូចរង់ចាំមើលប្រតិកម្មត្រី។

ប្រទេសអាល្លឺម៉ង់និងប៉ូឡូញថ្លែងថា គេនឹងមិនបញ្ជួនកងទ័ពរបស់គេ ទៅប្រទេសអ៊ុយក្រែនទេ ដែលការបញ្ជាក់នូវជំហរនេះ បានទន្ទឹមនឹងមានរបាយការណ៍ថា ប្រទេសលោកខាងលិចមួយ ចំនួនប្រហែលជាកំពុងពិចារណាធ្វើកិច្ចការយ៉ាងនេះ ខណៈដែលសង្រ្គាមជាមួយរុស្ស៊ីឈានចូលដល់ឆ្នាំទីបីរបស់ខ្លួន។ សហរដ្ឋអាមេរិកបានចូលរួមជាមួយនឹងប្រទេសជាគន្លឹះក្នុងទ្វីប អឺរ៉ុបបដិសេធការបញ្ជួនទ័ពថ្មើរជើងរបស់ខ្លួនទៅកាន់អ៊ុយក្រែនផងដែរដោយក្តីបារម្ភការផ្ទុះ ឡើងនូវសង្គ្រាមលោកលើកទី៣។ ប្រទេសអង់គ្លេស, អេស្ប៉ាញនិងប្រទេសឆេកជាដើម បានបង្ហាញការដកខ្លួនចេញពីអ្វីដែលមានការបោះតម្រុយ ចង់ឱ្យរដ្ឋនៃអង្គការណាតូប្រឡូកដោយ ផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែនដែលឈានចូលឆ្នាំទី៣រួចមកហើយនេះ។

ប្រធានអង្គការណាតូលោក Jens Stoltenberg ក៏បាននិយាយផងដែរថា សម្ព័ន្ធមិត្តយោធា ណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនមានគម្រោងបញ្ជូនទាហាន ទៅអ៊ុយក្រែនទេ បន្ទាប់ពីមេដឹកនាំអឺរ៉ុបផ្សេងទៀត ក៏បានបញ្ជាក់ថាពួកគេក៏មិនផ្តល់ ទាហានទៅជួយអ៊ុយក្រែន ផងដែរ។

រដ្ឋាភិបាលវិមានក្រឹមឡាំងនៅជាមួយគ្នានេះ បានព្រមានទុកជាមុនដែរថា ជម្លោះផ្ទាល់រវាងបក្ខសម្ព័ន្ធណាតូ ជាមួយនឹងរុស្ស៊ី នឹងចៀសមិនរួចឡើយ ប្រសិនបើក្រុមសម្ព័ន្ធមិត្តណាតូ ហ៊ានបញ្ជូនកងទ័ពប្រយុទ្ធទៅជួយអ៊ុយក្រែននោះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ក្នុងករណីនេះបើសិនជាកើតមាន, អ្វីដែលយើងត្រូវនិយាយ គឺមិនមែនអំពីភាពប្រហែលទេ ប៉ុន្តែគឺភាពមិនអាចចៀសរួច នៃជម្លោះ»ដែលនឹងកើតឡើង។

សម្តីព្រមានរបស់រដ្ឋាភិបាលរុស្ស៊ី បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ការបញ្ជូនកងទ័ពថ្មើរជើង របស់លោកខាងលិចទៅកាន់ អ៊ុយក្រែនមិនគួរត្រូវបាន «បដិសេធ» នាពេលអនាគតនោះទេ។ សម្តីរបស់មេដឹកនាំបារាំងរូប នេះគឺនៅបន្ទាប់ពីបានរៀបចំសន្និសីទ មន្ត្រីជាន់ខ្ពស់ប្រមាណជាង២០ប្រទេសរបស់លោកខាងលិច ដែលសុទ្ធតែជាអ្នកគាំទ្រអ៊ុយក្រែន។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ហាក់ដូចជាមានទស្សនៈខុសគ្នា អំពីអ្វីដែលលោកម៉ា ក្រុងបានលើកឡើងនៅក្នុង សន្និសីទទីក្រុងប៉ារីស។ មេដឹកនាំអាល្លឺម៉ង់ បាននិយាយថា «អ្នកចូលរួមក្នុងសន្និសីទនោះ បានយល់ព្រមថា នឹងមិនមានទាហានថ្មើរជើង, គ្មានទាហាននៅលើដីអ៊ុយក្រែន ដែលត្រូវបញ្ជូនទៅកាន់ទីនោះ ដោយប្រទេសក្នុងអឺរ៉ុប ឬរដ្ឋរបស់អង្គការណាតូទេ»។ លោក Olaf Scholz បាននិយាយទៀតថា វាក៏មានការឯកភាពគ្នាផងដែរថាទាហាន កំពុងប្រតិបត្តិការ នៅក្នុងប្រទេសរបស់យើង ក៏នឹងមិនឱ្យពួកគេទៅចូលរួម នៅក្នុងសង្រ្គាមផងដែរ។

នៅក្នុងប្រទេសបារាំងនោះវិញ គ្រាដែលបានមើលឃើញអ្វីដែលលោក Macron បានរងនឹងភាពឯកោ និងមានក្រុមនយោបាយប្រឆាំង បារាំងរិះគន់ខ្លាំងក្លានូវសម្តីបង្ហាញបំណងចង់បញ្ជួន ទ័ពថ្មើរជើងទៀតនោះ, រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង កាលពីថ្ងៃអង្គារ៍បានស្វែងរកការ បកស្រាយតបមកវិញនូវសម្តីរបស់លោកម៉ាក្រុង។

រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu បានថ្លែងថា មានការពិភាក្សាគ្នា ប៉ុន្តែមិនមានការឯកភាពគ្នាឡើយ នៅក្នុងសន្និសីទអំពី ការអនុវត្តប្រតិបត្តិការ បោសសម្អាតមីន និងហ្វឹកហ្វឺនយោធានៅអ៊ុយក្រែន ជាជាកិច្ចការស្ថិតនៅ ឆ្ងាយពីជួរសមរភូមិមុខ។ រដ្ឋមន្ត្រីការពារជាតិបារាងរូបនេះ បាននិយាយការពារថា៖ «វាមិនមែនជាការបញ្ជូនកងទ័ព ទៅធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីទេ»

ចំពោះអង្គការបក្ខសម្ព័ន្ធយោធាអត្លង់ទិកខាងជើង, គំនិតនៃការបញ្ជូនទ័ពត្រូវបានហាមប្រាម ជាពិសេសនៅពេលអង្គការណាតូ ព្យាយាមគេចចេញពីការអូសទាញ ចូលក្នុងសង្គ្រាមកាន់តែធំជាមួយរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែក៏គ្មានអ្វីរារាំងសមាជិកណាតូ ជាបុគ្គលពីការចូល រួមក្នុងកិច្ចការបែបនេះក្នុងលក្ខណៈផ្ទាល់ខ្លួន ឬជាក្រុមនោះទេ…ហើយអង្គការណាតូខ្លួនឯង នឹងចូលរួមបាន លុះត្រាសមាជិកទាំង៣១របស់ខ្លួននឹងយល់ព្រមទាំងអស់គ្នា។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ក្រុមសារព័ត៌មានថា «សម្ព័ន្ធមិត្តណាតូកំពុងផ្តល់ការគាំទ្រ ដែលមិនធ្លាប់មានពីមុន ចំពោះអ៊ុយក្រែន»។ លោកបន្តថា«យើងបានធ្វើវាតាំងពីឆ្នាំ ២០១៤ ហើយបានបង្កើនថែមទៀត បន្ទាប់ពីមានការលុកលុយពេញលេញ របស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន»។ លោកបញ្ជាក់បន្ថែមថា «ប៉ុន្តែយើងមិនមានផែនការ សម្រាប់កងទ័ពប្រយុទ្ធថ្មើរជើងរបស់ណាតូ នៅលើដីក្នុងប្រទេសអ៊ុយក្រែនឡើយ»

នៅក្នុងកិច្ចប្រជុំនៅទីក្រុង Prague កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បាននិយាយថា "ប៉ូឡូញមិនមាន គម្រោងបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់អ៊ុយក្រែនទេ"។ ចំណែកនាយករដ្ឋមន្ត្រី Petr Fiala នៃសាធារណរដ្ឋឆេកបានទទូចថា ប្រទេសរបស់លោកក៏នឹង "មិនចង់បញ្ជូនទាហានរបស់ខ្លួន" ទៅអ៊ុយក្រែនដែរ ។

នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនមាន គម្រោងស្នើឱ្យដាក់ពង្រាយ កម្លាំងទ័ពថ្មើរជើងនោះទេ ប៉ុន្តែលោកថាប្រទេសមួយចំនួន កំពុងថ្លឹងថ្លែងថាតើគេត្រូវធ្វើកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីផ្តល់កងទ័ពដើម្បីជួយអ៊ុយក្រែន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីដែរឬទេ?។

នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ទោះជាយ៉ាងណាក៏ដោយ មិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រទេសណា ឬកងទ័ពណាដែលនឹងចង់ធ្វើកិច្ចការរបស់គេ នៅក្នុងប្រទេសអ៊ុយក្រែនឡើយ។ មេដឹកនាំបារាំងនោះផងដែរ លោកបានព្យាយាមចៀសវាង មិនបញ្ចេញឈ្មោះប្រ ទេសណាមួយដែលចង់ធ្វើកិច្ចការ ក្នុងលក្ខណៈបុគ្គលជាសមាជិករបស់អង្គការណាតូ។ លោក ម៉ាក្រុង បានថ្លែងថាលោកចង់រក្សាយុទ្ធសាស្ត្រ ធ្វើមិនឱ្យច្បាស់លាស់ Strategic Ambiguity ហើយ វាក៏មិនមែនជាការបោះតម្រុយដៃ ឱ្យក្រុមប្រទេសលោកខាងលិចធ្វើកិច្ចការរៀបចំ សម្រាប់ប្រឆាំងនឹងរុស្សីផងដែរ។

អង្គការណាតូដែលជាសម្ព័ន្ធមិត្ត រហូតមកទល់នឹងពេលនេះ បានផ្តល់ជំនួយនានាដល់អ៊ុយក្រែន…ខ្លះជាជំនួយមិនសម្លាប់មនុស្ស ដូចជាថ្នាំពេទ្យ, សម្លៀកបំពាក់យោធា, ឧបករណ៍បង្កា រដូវរងារ…ប៉ុន្តែប្រទេសខ្លះក្នុងសម្ព័ន្ធមិត្តណាតូ បានផ្តល់អាវុធ និងគ្រាប់រំសេវ តាមអ្វីដែលបាន ធ្វើកិច្ចព្រមព្រៀងទ្វេភាគីរវាងអ៊ុយក្រែន និងជាកិច្ចព្រមព្រៀងក្នុងក្រុមជាមួយអ៊ុយក្រែន។ ការសម្រេចចិត្តបញ្ជូនកងទ័ព និងរក្សាឱ្យពួកគេអាចដាក់ពង្រាយរយៈពេលវែង នឹងតម្រូវឱ្យមានប្រភេទនៃការដឹកជញ្ជូន និងសមត្ថភាពដឹកជញ្ជូនថែមទៀត ដែលមានតែប្រទេសដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រហែលជាអ៊ីតាលី ប៉ូឡូញ ឬអេស្ប៉ាញ ដែលអាចប្រមូលផ្តុំធ្វើកិច្ចការទាំងនេះបាន។

ខណៈដែលមានការនិយាយបដិសេធមិនឱ្យអង្គការណាតូ ធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែនបាននោះ, មេដឹកនាំអង្គការណាតូលោក Stoltenberg បានពន្យល់ប្រាប់ក្រុមសារព័ត៌មាន ថាអ្វីដែលកំពុងកើតឡើងនេះ «គឺជាសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយ បំពានច្បាប់អន្តរជាតិយ៉ាងព្រៃផ្សៃ»។ លោកថ្លែងថា «យោងតាមច្បាប់អន្តរជាតិ, អ៊ុយក្រែនមានសិទ្ធិការពារខ្លួន… ហើយយើងជាអង្គការណាតូ មានសិទ្ធិគាំទ្រពួកគេក្នុងការរក្សាសិទ្ធិការពារខ្លួននោះ»

សន្និសីទនៅទីក្រុងប៉ារីសដែលមានការលើកឡើង នូវសម្តីរបស់លោកម៉ាក្រុងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសន្តិសុខទ្វេភាគីរយៈពេល១០ឆ្នាំជាមួយអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលក្រុង គៀវកំពុងធ្វើការរបស់ខ្លួនដើម្បីស្វែងរក ការគាំទ្រពីប្រទេសលោកខាងលិច។ បណ្តាប្រទេសនៅអឺរ៉ុប បានព្រួយបារម្ភថា សហរដ្ឋអាមេរិកនឹង កាត់បន្ថយការគាំទ្ររបស់ខ្លួន ខណៈដែលជំនួយសម្រាប់អ៊ុយក្រែន ស្នើដោយរដ្ឋបាលលោកចូបៃដិន ត្រូវស្ថាប័នសភាតំណាងរាស្ត្រអាមេរិក កំពុងខ្ទាស់ជាប់។

សហរដ្ឋអាមេរិក ក្នុងពេលដែលមានការបែកខ្ញែកគ្នា នៃទស្សនៈបញ្ជួនទាហានទៅកាន់ប្រទេស អ៊ុយក្រែននោះ ក៏បានថ្លែងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊្ហីនតោន ពុំមានផែនការបញ្ជូនទ័ពថ្មើរជើងរបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែនឡើយ ប៉ុនបានជំរុញឲ្យ សមាជិកសភាកុងហ្គ្រេសប្រញាប់ អនុម័តច្បាប់ជំនួយសន្តិសុខដើម្បីធានាថា កងទ័ពអ៊ុយក្រែនមានអាវុធ និងគ្រាប់គ្រប់គ្រាន់ ដើម្បីបន្តការប្រយុទ្ធ។

សហរដ្ឋអាមេរិកដែលជាចន្ទល់របស់អង្គការណាតូ និងប្រទេសរុស្ស៊ី គឺជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបំផុតក្នុងលោក។ ប្រសិនបើសហរដ្ឋអាមេរិកនឹងយល់ស្របចំ ពោះគំនិតបញ្ជួនទ័ពថ្មើរទៅកាន់ប្រទេសអ៊ុយក្រែន គឺសង្គ្រាមលោកលើកទីបី នឹងមិនអាច ចៀសផុតបានឡើយ។ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃឌិន ធ្លាប់បានព្រមានរួច មកហើយថា ជម្លោះរវាងរុស្ស៊ី និងអង្គការណាតូ អាចបណ្ដាលឲ្យមានសង្គ្រាមលោកលើកទីបីបាន។

ក្រុមប្រទេសក្នុងទ្វីបអឺរ៉ុប កំពុងព្រួយបារម្ភផងដែរថាបើសិនជាអតីតប្រធានាធិបតី Donald Trump នឹងវិលត្រលប់ទៅកាន់អំណាច នៅសេតវិមាន អ្វីៗដែលធ្លាប់ជាគោលដៅនយោបាយ អាមេរិកនៅលើទ្វីបអឺរ៉ុប នឹងត្រូវផ្លាស់ប្តូរទៅតាមរបត់ថ្មីទាំងអស់។ លោកដូណាល់ត្រាំ បានថ្លែងថា បើសិនជាលោកឡើងកាន់តំណែងជាប្រធានាធិបតីមកវិញ, លោកនឹងធ្វើឱ្យសង្គ្រាម អ៊ុយក្រែននឹងចប់ក្នុងរយៈពេល២៤ម៉ោង។

បើសិនជា សង្គ្រាមអ៊ុយក្រែននឹងចប់ក្នុងស្ថានភាពបែបនេះ, គោលដៅនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់អាមេរិក នឹងត្រូវស្ថិតកប់ក្នុងធុងសម្រាមរបស់អឺរ៉ុប ប៉ុន្តែក្នុងស្ថានភាព ដែលមិនទាន់ច្បាស់ពិតប្រាកដនេះ ទ្វីបអឺរ៉ុបបានព្យាយាមធ្វើកិច្ចការ ជាច្រើនដើម្បី បង្កាទុកជាមុន ជាពិសេសការត្រៀមខ្លួនការពារទ្វីបអឺរ៉ុប ដោយខ្លួនឯងបើសិនជាគ្មានសហរដ្ឋអាមេរិក។

អ្វីដែលប្រធានាធិបតីនៃប្រទេសបារាំងបាននិយាយថា ការបញ្ជូនកងទ័ពថ្មើរជើងរបស់លោកខាងលិច ទៅកាន់អ៊ុយក្រែនមិនគួរត្រូវបាន «បដិសេធ» នាពេលអនាគតនោះទេ ត្រូវគេចាត់ទុកថា វាមិនមែនជាការលើកឡើងមួយដោយភ័ន្តច្រឡំ ឬតម្រូវឱ្យរដ្ឋបាលលោកម៉ាក្រុងត្រូវ បកស្រាយសាជាថ្មីវិញឡើយ បើទោះបីជាមានគំនិតលើកឡើងជាច្រើន ជំទាស់នឹងគំនិតនោះ ក៏ដោយ។

លោកម៉ាក្រុងបានថ្លែងថា «គេនៅមិនទាន់មានការឯកភាពយល់ស្របទាំងស្រុងឡើយនៅក្នុង កិច្ចប្រជុំនេះក្នុងការបញ្ជួនកងកម្លាំងថ្មើរជើង ទៅអ៊ុយក្រែនក្នុងលក្ខណៈជាផ្លូវការ ដែលមានការអនុម័ត និងការដាក់ទណ្ឌកម្មឡើយប៉ុន្តែក្នុងន័យនេះ មិនមានអ្វីទាំងអស់ ដែលត្រូវបានបដិសេធឡើយ»។ លោកម៉ាក្រុងបានថ្លែងទៀតថា «យើងនឹងធ្វើអ្វីទាំងអស់ ដែលអាចធ្វើបានដើម្បីធានា ថារុស្ស៊ីនឹងមិនអាចឈ្នះសង្គ្រាមបានឡើយ»

ក្នុងកិច្ចប្រជុំក្នុងក្រុងប៉ារីសកាលពីថ្ងៃចន្ទ, បណ្តាប្រទេសនៅអឺរ៉ុបជាច្រើនរួមទាំងប្រទេសបារាំង ត្រូវគេឃើញបានសម្តែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមធ្វើឡើង ដោយសាធារណរដ្ឋឆេក ដើម្បីទិញគ្រាប់រំសេវនិងគ្រាប់ផ្លោង ពីប្រទេសនៅក្រៅអឺរ៉ុបសម្រាប់ឱ្យអ៊ុយក្រែន។ លោក Macron បាននិយាយក្នុងពេលនោះទៀតថា សម្ព័ន្ធថ្មីមួយនឹងត្រូវចាប់ផ្តើម ដើម្បីបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ។

នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុន, អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg មិនបានប្រឆាំងនឹងគំនិត នៃការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ លោកខាងលិចដើម្បីវាយប្រហារគោលដៅ នៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីនោះទេ ខណៈដែលប្រទេសមួយចំនួន មុននេះបានដាក់ការរឹតបន្តឹងលើ ការប្រើប្រាស់សម្ភារៈយោធា ដែលពួកគេផ្តល់ទៅអ៊ុយក្រែន ដោយកំណត់ឱ្យប្រើប្រាស់ តែក្នុងរង្វង់ទឹកដីរបស់ប្រទេសអ៊ុយក្រែន តែប៉ុណ្ណោះ។

លោក Stoltenberg បានថ្លែងថាវាគឺជា ការសម្រេចចិត្តរបស់ប្រទេសនីមួយៗនិងប្រទេសសម្ព័ន្ធនីមួយៗថា «តើមានការកម្រិតកំណត់ទុក របស់ពួកគេមានអ្វីខ្លះ ជាមួយនឹងការផ្តល់សម្ភារៈសឹកទាំងនោះ»។ លោកបាននិយាយបន្តថា អ៊ុយក្រែនមានសិទ្ធិក្នុងការការពារខ្លួន «រួមទាំងសិទ្ធិវាយប្រហារគោលដៅយោធាស្របច្បាប់, ទាំងគោលដៅយោធារុស្ស៊ី, និងនៅខាងក្រៅទឹកដីអ៊ុយក្រែន» ថែមទៀត។

សម្តីបោះតម្រុយរបស់ប្រធានាធិបតីបារាំង ក្នុងការចង់ឱ្យមានការបញ្ជួនកងកម្លាំងថ្មើរជើង ពីបណ្តាប្រទេសនៃបក្ខសម្ព័ន្ធណាតូ ទៅជួយអ៊ុយក្រែន បានទន្ទឹមនឹងការបាត់បង់ទីក្រុងគន្លឹះ Adiivka នាភាគខាងកើតអ៊ុយក្រែនដែល បានការពារអស់រយៈពេលជិត ១០ឆ្នាំរួចមកនេះ។ ការបាត់បង់ក្រុង Adiivka ត្រូវបានមេដឹកនាំអ៊ុយក្រែនថ្លែងថា ដោយសារតែការខ្វះគ្រាប់រំសេវជា ពិសេសការផ្តល់ប្រព័ន្ធអាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ។

សេចក្តីរាយការណ៍ពីសមរភូមិ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ទៀតបានឱ្យដឹងថាភូមិចំនួន២ទៀត ដែលស្ថិតនៅក្បែរក្រុង Adiivka ក៏ត្រូវបានបាត់បង់ថែមទៀត ដោយសារតែការខ្វះគ្រាប់រំសេវនិងអាវុធយុទ្ធភណ្ឌ។ ភូមិទាំង២ដែលបានទើបបាត់បង់ ក្រោយទាហានអ៊ុយក្រែនបានដកថយដោយសារការខ្វះអាវុធ និងគ្រាប់រំសេវតទល់ជាមួយនឹងកម្លាំងទាហានរុស្ស៊ីនោះ គឺភូមិ Stepove និងភូមិ Severn ដែលស្ថិតក្នុងតំបន់ Donetsk ។

ក្រុមអ្នកតាមដានស្ថានការណ៍វិវត្តន៍បានថ្លែងថា សង្គ្រាមក្នុងអ៊ុយក្រែននឹងអាចចប់ទៅបាន ដោយសារការជជែកស្វែងរកសន្តិភាព ដែលទាំងអ៊ុយក្រែននិងរុស្ស៊ី បានយល់ព្រមជាមួយគ្នា។ កាលពីថ្ងៃអង្គារ៍ ពី២៧ កុម្ភៈ មេដឹកនាំរុស្ស៊ីលោកហ្សេឡិនស្គី បានធ្វើទស្សនកិច្ចក្នុងប្រទេស អារ៉ាប់សាអ៊ូឌីនិងបានជួបជាមួយព្រះរាជទាយាទស្នងរាជ្យ គឺព្រះអង្គម្ចាស់ Mohammed bin Salman ដែលបានជជែកលើគម្រោងចង់រក សន្តិភាពបញ្ចប់សង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន។ គួរបញ្ជាក់ថាប្រទេសអារ៉ាប់សាអ៊ូឌី បានធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំគម្រោងសន្តិភាពក្នុងប្រ ទេសអ៊ុយក្រែននេះកាលពីខែសីហា ឆ្នាំ២០២៣ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ ជាច្រើនពីទ្វីបអឺរ៉ុប, ពីសហរដ្ឋអាមេរិកនិងប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់មួយចំនួនទៀត។

មេដឹកនាំអ៊ុយក្រែនលោក ហ្សេឡិនស្គី បានសរសេរលើបណ្តាញសង្គមរបស់លោក ក្រោយជំនួបជាមួយនឹង ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប់សាអ៊ូឌី បញ្ជាក់នូវការពិភាក្សាអំពីគំរោងសន្តិភាពនោះ ដែលមេដឹកនាំអ៊ុយក្រែនបានចាត់ទុកថា «រូបមន្តសន្តិភាព» Peace Formula ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់លំអិត ជុំវិញគម្រោងរូបមន្តសន្តិភាពនោះឡើយ។
លោកហ្សេឡិនស្គី បាននិយាយទៀតថា លោកនឹងស្នើឱ្យប្រទេសអារ៉ាប់សាអ៊ូឌី ធ្វើជាប្រទេសសម្របសម្រួលក្នុងការផ្លាស់ប្តូរ អ្នកទោសសង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ីដូចអ្វីដែលធ្លាប់បាន ធ្វើក្នុងអតីតកាល។ លោកហ្សេឡិនស្គី បានថ្លែងចាត់ទុកជំនួប របស់លោកជាមួយនឹងព្រះអង្គ ម្ចាស់ Mohammed bin Salman ថាមានលទ្ធផលល្អ។ តើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននឹង អាចបញ្ចប់ទៅបានតាមរយៈរូបមន្តសន្តិភាព ដាក់ចេញដោយប្រទេសអារ៉ាប់សាអ៊ូឌី ដែរឬយ៉ាងណា គ្រាដែលស្ថានការណ៍កំពុងទាញទ្វីបអឺរ៉ុប ឱ្យស្ថិតនឹងមាត់ទ្វារនៃសង្គ្រាមលោកលើកទីបី ក្នុងឆ្នាំ២០២៤នេះ?

រូបភាពពី Reuters