(ប៉េកាំង)៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង ទីផ្សារប្រើប្រាស់របស់ប្រទេសចិនគឺមានការចាប់ផ្តើមដ៏ល្អ។ តាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន ទំហំលក់ដូររបស់ក្រុមហ៊ុនលក់រាយ និងម្ហូបអាហារសំខាន់ៗ នៅទូទាំងប្រទេសចិន បានកើនឡើង៨.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។ ទិន្នន័យនេះមិនត្រឹមតែឆ្លុះបញ្ចាំងពី ភាពរុងរឿងនៃទីផ្សារក្នុងថ្ងៃបុណ្យតែប៉ុណ្ណោះទេ ថែមទាំងក៏បានឆ្លុះបញ្ចាំងយ៉ាងរស់រវើកពី កម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។

ក្រឡេកទៅមើលភាពសន្ទុះខ្លាំងក្លាតាមរយៈទិន្នន័យ ចំណាយសរុបនៃការធ្វើដំណើរទេសចរណ៍របស់ភ្ញៀវទេសចរណ៍ ក្នុងប្រទេសចិនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មានដល់ទៅ៦៣២.៦៨៧ប៊ីលានយាន់ប្រាក់ចិនដែលកើនឡើង ៤៧.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។ ចណូលបានមកពីការលក់សំបុត្រភាពយន្តមានចំនួន ៨.០១៦ប៊ីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាសត្រ នៃការលក់សំបុត្រភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ប្រាក់ចំណូលបានពីការលក់ជាមធ្យមប្រចាំថ្ងៃ នៃអាជីវកម្មដែលពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាកម្មទូទាំងប្រទេសចិន បានកើនឡើង៥២.៣ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ប្រការទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញ ប្រទេសចិនដ៏រស់រវើក និងបង្កើនជំនឿចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះការអភិវឌ្ឍននៃសេដ្ឋកិច្ចប្រទេសចិន។

ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនបានឆ្លុះបញ្ចាំងពី និន្នាការវិវឌ្ឍទៅរកភាពល្អប្រសើរ ជាបន្តបន្ទាប់នៃសេដ្ឋកិច្ចប្រទេសចិន បានឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារតម្រូវការក្នុងស្រុក ដែលមានទ្រង់ទ្រាយធំរបស់ប្រទេសចិន ហើយក៏បានបំផុសបន្ថែមទៀតនូវកម្លាំងចលករ នៃភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន ផងដែរ។

តម្រូវការក្នុងស្រុកគឺជាកម្លាំងចលករជា មូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយទីប្រើប្រាស់យ៉ាងធំធេង ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានឆ្លុះបញ្ចាំងពីអនាគតទីផ្សារយ៉ាងទូលំទូលាយ និងសក្តានុពលតម្រូវការក្នុងស្រុកដ៏ធំធេង នៃសេដ្ឋកិច្ចប្រទេសចិន។ បើមើលពីក្រឹត្យក្រមនៃការអភិវឌ្ឍសេដ្ឋកិច្ច លក្ខណៈពិសេសនៃសេដ្ឋកិច្ចប្រទេសធំៗ សុទ្ធតែដឹកនាំដោយ តម្រូវការក្នុងស្រុក និងមានវដ្តនៅផ្ទៃក្នុង។ ការប្រើប្រាស់គឺជាតម្រូវការចុងក្រោយ ដែលជាតំណភ្ជាប់ដ៏សំខាន់និងជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ធ្វើឱ្យវដ្តក្នុងស្រុកមានភាពរលូន និងមានកម្លាំងជំរុញយូរអង្វែងសម្រាប់សេដ្ឋកិច្ច។

ប្រទេសចិនមានប្រជាជនចំនួនជាង១៤០០លាននាក់ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានលើសពី១ម៉ឺន២ពាន់ដុល្លារអាមេរិក ហើយមានទីផ្សារដ៏មានទ្រង់ទ្រាយធំ ដែលប្រកបដោយសក្តានុពលធំបំផុត នៅលើពិភពលោក។ ស្ថានការណ៍ជាមូលដ្ឋាន ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរ នៃការអភិវឌ្ឍការប្រើប្រាស់របស់ប្រទេសចិន មិនបានកែប្រែរទេ ហើយនិន្នាការទូទៅ នៃការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ នៃការប្រើប្រាស់ក៏មិនបានកែប្រែដែរ។

ភាពសន្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានផ្តល់ការបំផុសគំនិតម្តងទៀតថា កំណើននៃការប្រើប្រាស់របស់ប្រទេសចិន មានលំហទូលំទូលាយ ហើយយើងមានមូលដ្ឋាននិងមានទីបង្អែកទាំងស្រុង ក្នុងការបញ្ចេញសក្តានុពលនៃការប្រើប្រាស់ ដែលបានបង្កប់ក្នុងទីផ្សារដ៏ធំធេងរបស់ប្រទេសចិន។ ការសម្របទៅតាមនិន្នាការនៃការអភិវឌ្ឍ ធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារមានភាពសំបូរបែប ទីផ្សារប្រើប្រាស់ដែលមានការច្នៃប្រឌិត និងការជំរុញសក្តានុពលនៃការប្រើប្រាស់ នោះមុខជានឹងបំពេញតាមបំណងប្រាថ្នារបស់ ប្រជាជនដែលចង់ស្វែងរក ជីវភាពរស់នៅដ៏ល្អប្រសើរជាមិនខាន ហើយធ្វើឱ្យក្បាលម៉ាស៊ីន នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ មានភាពកាន់តែមុតមាំ និងមានភាពរស់រវើកកាន់តែខ្លាំងក្លា។

នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹង ភាពមិនប្រាកដប្រជាជាច្រើន GDP របស់ប្រទេសចិនក្នុងឆ្នាំ២០២៣ បានកើនឡើង៥.២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលបង្ហាញពីនិន្នាការទូទៅ ដែលមានល្អប្រសើរឡើងនិងស្ថិរភាព។ ពេលថ្មីៗនេះ ស្ថាប័នហិរញ្ញវត្ថុជាច្រើនលើពិភពលោក បានចេញផ្សាយរបាយការណ៍ស្តីពីការរំពឹងទុក ចំពោះសេដ្ឋកិច្ចឆ្នាំ២០២៤ ដោយសុទ្ធតែយល់ឃើញថា មូលដ្ឋានគ្រឹះដែលវិវឌ្ឍទៅរកស្ថិរភាព និងភាពល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ចប្រទេសចិន នឹងត្រូវពង្រឹងបន្ថែមទៀត ហើយការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងកំណែទម្រង់នៃឧស្សាហកម្មនឹងបន្តជំរុញឱ្យ បង្កើតកម្លាំងចលករ ដោយឥតឈប់ឈរ។

ភាពស្ទុះខ្លាំងក្លានៃទីផ្សារប្រើប្រាស់ និងសេដ្ឋកិច្ចឆ្នាំថ្មីដ៏រស់រវើកគឺជាការបកស្រាយយ៉ាងរស់រវើក នៃការបន្តមានភាពល្អប្រសើរ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការមានសុភមង្គលយ៉ាងខ្លាំងរបស់ប្រជាជនចិន។ ប្រទេសចិនដែលពោរពេញទៅដោយភាពរស់រវើក មុខជានឹងបំផុសសក្តានុពល ដែលបង្កប់នៅក្នុងមនុស្សរាប់រយលាននាក់ និងធ្វើឱ្យប្រទេសចិននាថ្ងៃស្អែកមានភាពកាន់តែប្រសើរឡើង!