(ទីរ៉ាណា)៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអាល់បានី លោក Igli Hasani បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមកដល់រដ្ឋធានីទីរ៉ាណា (Tirana) ដោយរំពឹងថារួមកិច្ចប្រជុំកំពូលសន្តិសុខពាក់ព័ន្ធនឹងអ៊ុយក្រែន និងប្រទេសចំនួន ៦នៃតំបន់បាល់កង់ខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Hasani បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «វាជាពេលវេលាដ៏សំខាន់ សម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាព ទ្វេភាគី និងឈរក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន លើការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី»។ លោក ហ្សេលេនស្គី ដែលស្ថិត នៅឯអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារសប្តាហ៍នេះ ត្រូវជួបនាយករដ្ឋមន្រ្តីអាល់បានី លោក Edi Rama ក៏ដូចជាថ្នាក់ដឹកនាំនានា របស់ប្រទេសស៊ែប៊ី បូស្ន៉ី កូសូវ៉ូ ម៉ុងតេណេហ្រ្គោ និងសាធារណរដ្ឋម៉ាសេដ្វាន ផងដែរ។

គួរបញ្ជាក់ថា អាល់បានី សាធារណរដ្ឋម៉ាសេដ្វាន និងម៉ុងតេណេហ្រ្គោ គឺជាសមាជិករបស់អង្គការណាតូ ដែលបានចូលរួមក្នុងការដាក់ទណ្ឌកម្ម របស់លោកខាងលិចប្រឆាំងរុស្ស៉ី ហើយបញ្ជូនសព្វាវុធ និងសម្ភារយោធាទៅឱ្យអ៊ុយក្រែន៕

រូបភាពពី Reuters