(ហ្សាការតា)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីចប់អាណត្តិនៃប្រទេសឥណ្ឌូណស៉ី លោក Joko Widodo បានបំពាក់ឋានន្តរស័ក្តិកិត្តិយស ថ្នាក់នាយឧត្តមសេនីយ៍ឬផ្កាយ៤ ឱ្យលោក Prabowo Subianto ដែលជាប្រធានាធិបតីជាប់ឆ្នោត និងជាអតីតឧត្តមសេនីយ៍ផ្កាយ៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ពិធីបំពាក់ស័ក្តិខាងលើត្រូវបានធ្វើឡើង នៅទីស្នាក់ការកណ្តាលរបស់យោធាឥណ្ឌូណេស៉ី ក្នុងរដ្ឋធានីហ្សាការតា។ ការទទួលបានឋានន្តរស័ក្តិនេះ បង្ហាញពីចំណុចកំពូលបំផុត នៃកិច្ចប្រឹងប្រែងផ្លាស់ប្តូរមុខមាត់រយៈពេលរាប់ទសវត្សរ៍ សម្រាប់លោក Prabowo ដែលធ្លាប់ជាមន្រ្តីយោធា​ដ៏លេចធ្លោមួយរូប ប៉ុន្តែត្រូវបានបញ្ឈប់ពីជួរកងទ័ព កាលពីឆ្នាំ១៩៩៨ ចំពោះមុខការចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធក្នុងសកម្មភាព​រំលោភសិទ្ធិមនុស្ស នៅទីម័រខាងកើត (អតីតខេត្តឥណ្ឌូណេស៉ី) និងក្នុងការបាត់ខ្លួននៃសកម្មជនគាំទ្រប្រជាធិបតេយ្យ ចំនួន១៣នាក់។ ពេលនោះ រូបលោកមានឋានៈជា ឧត្តមសេនីយ៍ឯក ឬផ្កាយ៣។

ពេលត្រូវបណ្តេញចេញពីយោធា រូបលោកបានទៅរស់នៅនិរទេសខ្លួន នៅឯប្រទេសហ៊្សកដានី ក៏ប៉ុន្តែអំឡុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីលោកបានវិលត្រឡប់ មកឥណ្ឌូណេស៉ីវិញ លោក Prabowo បានកសាងគណបក្សនយោបាយ និងអាជីពការងារផ្នែកស៉ីវិល ដ៏មានឥទ្ធិពលមួយ។ កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៩ លោកបានទទួលបរាជ័យ២លើកជាប់គ្នា ក្នុងការប្រជែងយកតំណែងប្រធានាធិបតី ជាមួយ​លោក Joko Widodo មុនពេលបានចូលបម្រើរដ្ឋាភិបាល ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិ នៅឆ្នាំ២០១៩។

គួរបញ្ជាក់ថា លទ្ធផលបឋមមិនទាន់ផ្លូវការ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៉ី កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្ហាញថា លោក Prabowo ទទួលបានសំឡេងគាំទ្រលើស៥០ភាគរយ ពោលគឺមិនចាំបាច់មានការបោះឆ្នោតជុំទី២ទៀតឡើយ ហើយរូបលោកត្រូវគេរំពឹងថា នឹងចូលកាន់តំណែងជា ប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី នាខែតុលា ឆ្នាំនេះ។ សម្ព័ន្ធភាពរវាងលោក Prabowo និងលោក Joko Widodo ទទួលបានភាពរឹងមាំយ៉ាងខ្លាំង ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសក្រោយកូនប្រុសរបស់លោក Joko Widodo ត្រូវបានតែងតាំងជាដៃគូឈរឈ្មោះរបស់លោក Prabowo ហើយឥឡូវជាអនុប្រធានាធិបតីឥណ្ឌូណេស៉ីជាប់ឆ្នោត៕

រូបភាពពី Reuters