(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសថា បេសកជនចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៉ី លោក Li Hui នឹងបំពេញទស្សនកិច្ចក្នុងសប្តាហ៍នេះ ទៅកាន់រុស្ស៉ី អ៊ុយក្រែន ព្រមទាំងទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប (EU) ដើម្បីបើកកិច្ចពិភាក្សាលើសង្រ្គាម ដែលឥឡូវមានរយៈពេល​២ឆ្នាំមកហើយ រវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទស្សនកិច្ចខាងលើនឹងតំណាងឱ្យជុំទី២ នៃកិច្ចប្រឹងប្រែងការទូត ដើម្បីជួយស្វែងរក​ដំណោះស្រាយនយោបាយ សម្រាប់វិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ ក្រៅពីរុស្ស៉ី អ៊ុយក្រែន និងទីស្នាក់់ការកណ្តាលរបស់ EU ដែលស្ថិតនៅក្នុង​ទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក លោក Li ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ ផងដែរ។

ទីក្រុងប៉េកាំងបានបន្ថែមថា រឿងដែលសំខាន់បំផុតនាពេលនេះ គឺស្តារសន្តិភាពឡើងវិញនៅអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា «ក្នុងពេល២ឆ្នាំចុងក្រោយនេះ ពួកយើងមិនដែល​បោះបង់ចោលឡើយ នូវកិច្ចប្រឹងប្រែងដើម្បីលើកស្ទួយសន្តិភាព និងមិនដែលឈប់លើកកម្ពស់កិច្ចសន្ទនានោះទេ។ អ្វីដែលយើងបានធ្វើ សំដៅទៅរកគោលដៅតែមួយគត់ គឺកសាងការឯកភាពគ្នាដើម្បីបិទបញ្ចប់សង្រ្គាម និងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាព»

គួរបញ្ជាក់ថា លោក Li Hui ធ្លាប់បានបំពេញទស្សនកិច្ចមកកាន់តំបន់អឺរ៉ុប កាលពីឆ្នាំមុន ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដើរតួនាទីជា ភាគីជួយសម្រុះសម្រួលជម្លោះ។ អំឡុងពេលនោះ រូបលោកបានបើកកិច្ចពិភាក្សានៅទីក្រុងមូស្គូ ទីក្រុងកៀវ និងរដ្ឋធានី​នៃប្រទេសអឺរ៉ុបមួយចំនួនទៀត៕

រូបភាពពី Reuters