(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតយូរអង្វែងមកហើយរបស់ហ្វីលីពីនប្រចាំទីក្រុងវ៉ាស៉ីនតោន បាននិយាយនៅថ្ងៃពុធនេះថា យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៉ីហ្វិក របស់សហរដ្ឋអាមេរិក ទំនងជានឹងគ្មានការប្រែប្រួលអ្វីឡើយ ទោះបីនៅពេលលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក សាជាថ្មីម្តងទៀតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូតខាងលើគឺ លោក Jose Manuel Romualdez បានឱ្យដឹងថា រូបលោកបានជជែកជាមួយទីប្រឹក្សាជំនិតម្នាក់របស់លោក ដូណាល់ ត្រាំ ហើយទីប្រឹក្សារូបនោះ បានឱ្យតំរុយថា លោក ត្រាំ នឹងបន្តរក្សាគោលជំហរបច្ចុប្បន្នរបស់អាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ ក្នុងបទសម្ភាសមួយ កាលពីសប្តាហ៍កន្លងទៅ លោក Romualdez ដែលត្រូវជាបងប្អូនជីដូនមួយ​របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ហ្វីលីពីនកំពុងតាមដានយ៉ាងដិតដល់ ចំពោះដំណើរការប្រកួតប្រជែងតំណែងប្រធានាធិបតី​ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ប៉ុន្តែនឹងចាត់ទុកការផ្លាស់ប្តូរណាមួយក្នុងថ្នាក់ដឹកនាំអាមេរិក ជាឱកាសថ្មីដើម្បីពង្រឹងសម្ព័ន្ធភាពរវាងប្រទេស​ទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

គួរបញ្ជាក់ថា ទំនាក់ទំនងសន្តិសុខរវាងទីក្រុងម៉ានីលនិងទីក្រុងវ៉ាស៉ីនតោន បានកើនឡើងខ្លាំងក្រោមអាណត្តិរបស់លោក Marcos និង​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយមេដឹកនាំទាំងពីរព្យាយាមទប់ទល់នូវអ្វី ដែលខ្លួនមើលឃើញថា គឺជាសកម្មភាពបង្កហេតុ​របស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង និងនៅក្បែរកោះតៃវ៉ាន់។ លោក បៃដិន និងលោក ត្រាំ ទំនងជានឹងត្រូវប៉ះគ្នាសាជាថ្មី ក្នុងការបោះឆ្នោត​ប្រធានាធីបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំនេះ។ លោក ត្រាំ ធ្លាប់ជាប់ឆ្នោតជាប្រធានាធីបតីអាមេរិក ម្តងរួចមកហើយ កាលពីឆ្នាំ២០១៦ ប៉ុន្តែបានចាញ់ក្រោមដៃលោក បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០៕

រូបភាពពី Reuters