(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៉ីថា កំពុងធ្វើយុទ្ធនាការបំភ្លៃព័ត៌មានទ្រង់ទ្រាយធំ ដើម្បីព្យាយមបំបែកបំបាក់សម្ព័ន្ធមិត្តលោកខាងលិច និងបំផុសឱ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីភ្នាក់ងារបណ្តាញស៉ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បាននិយាយថា គោលដៅលើឆាកអន្តរជាតិរបស់រុស្ស៉ី គឺធ្វើយ៉ាងណាកាត់បន្ថយ​ការជួយជ្រោមជ្រែងពីសំណាក់ក្រុមប្រទេស នៅលើពិភពលោក ដែលប្រកាន់គោលជំហរគាំទ្រអ៊ុយក្រែន។ ទីភ្នាក់ងារដដែលបានចោទប្រកាន់ថា ទីក្រុងមូស្គូបាននិងកំពុងប្រើប្រាស់ ព័ត៌មានក្លែងក្លាយនៅតាមប្រព័ន្ធអនឡាញ ដើម្បីប៉ុនប៉ងបង្អាក់កិច្ចប្រឹងប្រែងកែនកងទ័ពបន្ថែមរបស់អ៊ុយក្រែន, បង្កមន្ទិលសង្ស័យចំពោះសមត្ថភាពអ៊ុយក្រែនក្នុងការទទួលជ័យជម្នះ ហើយបំផុសបំផុលនូវគំនិតដែលថា លោកខាងលិចកំពុងនឿយហត់ក្នុងការជួយអ៊ុយក្រែន។

ទីក្រុងកៀវបានបន្តថា រុស្ស៉ីមានកញ្ចប់ថវិកាប្រមាណ១.៥ពាន់លានដុល្លារ សម្រាប់យុទ្ធនាការចែកចាយព័ត៌មានក្លែងក្លាយរបស់ខ្លួន ក្នុងនោះរួមមាន​ជិត២៥០លានដុល្លារ ដែលត្រូវចំណាយទៅលើ យុទ្ធនាការបំផុសទស្សនៈប្រឆាំងអ៊ុយក្រែន នៅលើប្រព័ន្ធ Telegram។ បើតាមការអះអាងរបស់អ៊ុយក្រែន វិមានក្រឹមឡាំងក៏កំពុងព្យាយាមបង្កឱ្យមាន ភាពមិនជឿទុកចិត្តក្នុងចំណោមក្រុមមន្រ្តីអ៊ុយក្រែនផងដែរ ហើយចោទសួរមកលើរយៈពេលកាន់​អំណាច៥ឆ្នាំ​ របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវផុតសុពលភាព នាខែឧសភា ឆ្នាំនេះ។

គួរបញ្ជាក់ថា ដោយប្រឈមការខ្វះខាតសព្វាវុធនិងកម្លាំងទ័ព យោធាអ៊ុយក្រែនកំពុងជួបការលំបាកកាន់តែខ្លាំងឡើងៗ នៅតាមសមរភូមិជួរមុខ។ ប៉ុន្មានខែចុងក្រោយ កងទ័ពអ៊ុយក្រែនបានដកថយពីក្រុងផ្សេងៗជាបន្តបន្ទាប់ នៅឯភាគខាងកើតប្រទេស ក្នុងនោះរួមមានចេញពី ក្រុងយុទ្ធសាស្រ្តមួយ គឺ Avdiivka ក្នុងខែកុម្ភៈនេះផ្ទាល់។ ស្របពេលដែលក្រុមមេដឹកនាំនៅអឺរ៉ុប បានជម្នះការជំទាស់ពីហុងគ្រី ដើម្បីព្រមព្រៀងគ្នាលើការផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ការគាំទ្រពីសំណាក់សម្ព័ន្ធមិត្តធំបំផុតរបស់ទីក្រុងកៀវ គឺទីក្រុងវ៉ាស៉ីនតោនបាននិងកំពុងបន្តជាប់គាំង ដោយសារតែបញ្ហាខ្វែងគំនិតគ្នា នៅក្នុងសភាអាមេរិក៕

រូបភាពពី Reuters