(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

សេចក្តីថ្លែងការណ៍នៅលើគេទំព័ររបស់ លោក ហ្សេលេនស្គី បានឱ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីរូបមន្តសន្តិភាព រៀបរាងដោយអ៊ុយក្រែនសម្រាប់ការបញ្ចប់ជម្លោះ។ លោក ហ្សេលេនស្គី និងព្រះអង្គរជ្ជទាយាទ ក៏បានពិភាក្សាអំពីខ្លឹមសារនៃកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន ដែលស្វីសយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងឆ្នាំនេះ ហើយពិភាក្សាផងដែរអំពីជំហានដែលអាចធ្វើទៅបានសម្រាប់ការស្ដារឡើងវិញនូវសន្តិសុខ សម្រាប់អ៊ុយក្រែន អឺរ៉ុប និងពិភពលោក។

ចំណែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ព្រះអង្គម្ចាស់ bin Salman បានបញ្ជាក់ពីការខ្នះខ្នែង និងគាំទ្ររបស់អារ៉ាប៊ីសាអូឌីត ចំពោះកិច្ចប្រឹងប្រែងជាអន្តរជាតិ ដែលនាំទៅរកការដោះស្រាយវិបត្តិរុស្ស៉ី-អ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់ដាច់ដោយឡែកមួយទៀតរបស់ លោក ហ្សេលេនស្គី លើបណ្តាញតេឡេក្រាម ក្រៅពីអារ៉ាប៊ីសាអូឌីត អ៊ុយក្រែនបានបើកកិច្ចប្រជុំពហុភាគី ដើម្បីពិភាក្សាលើរូបមន្តសន្តិភាព ជាមួយអ្នកតំណាងមកពីប្រទេសជាច្រើនផ្សេងទៀត។ ផែនការនេះ រួមមានការដកទ័ពរុស្ស៉ី ការទទួលស្គាល់ព្រំដែនក្រោយសូវៀតឆ្នាំ ១៩៩១ របស់អ៊ុយក្រែន និងបទប្បញ្ញត្តិសម្រាប់នាំរុស្ស៉ី ឱ្យមកទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន៕

រូបភាពពី Reuters