(ប៉េកាំង)៖ រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃពុធនេះថា ប្រតិបត្តិការល្បាតនៅជុំវិញកោះតៃវ៉ាន់ ក្បែរឆ្នេររបស់ចិន គឺជារឿងដែលមិនអាចបន្ទោសបានទេ និងបានច្រានចោលការលើកឡើងដែលថា ការត្រួតពិនិត្យលើទូកទេសចរណ៍តៃវ៉ាន់ បង្កឱ្យមានការភ័យស្លន់ស្លោ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោកស្រី Zhu Fenglian បានបញ្ជាក់ឡើវិញថា ចិនមិនទទួលស្គាល់ដែនទឹកគ្មានដែនកំណត់ជុំវិញកោះ Kinmen សម្រាប់អ្នកនេសាទនោះទេ ហើយឆ្មាំឆ្នេរសមុទ្រចិនក៏បានបង្កបញ្ហាណាមួយ នៅពេលឡើងត្រួតពិនិត្យទូកទេសចរណ៍នោះដែរ។ លោកស្រី Zhu បានបន្ថែមថា ឆ្មាំឆ្នេរសមុទ្រអនុវត្តភារកិច្ចផ្លូវការរបស់ខ្លួននៅក្នុង «ដែនទឹករបស់ពួកគេ» ស្របតាមច្បាប់ដើម្បីរក្សា «សណ្តាប់ធ្នាប់» ការពារអាយុជីវិតអ្នកនេសាទ និងអ្នកដំណើរ។ ការអនុវត្តច្បាប់ការពារជនស៉ីវិល ប្រកបដោយតម្លាភាព គឺមិនអាចបន្ទោសបានទេ។

គួរបញ្ជាក់ថា ក្នុងខែនេះ ឆ្មាំឆ្នេរសមុទ្រចិនបានចាប់ផ្តើមការល្បាតជាប្រចាំ នៅជុំវិញកោះ Kinmen របស់តៃវ៉ាន់ ដែលនៅទល់មុខទីក្រុង Xiamen និងទីក្រុង Quanzhou របស់ចិន ហើយជាទីដែលជនជាតិចិនពីរនាក់ បានស្លាប់បន្ទាប់ពីព្យាយាមរត់គេចពីឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ ក្រោយទូករបស់ពួកគេចូលទៅក្នុងដែនទឹកហាមឃាត់។ កាលពីសប្តាហ៍មុន តៃវ៉ាន់ បានរាយការណ៍ថា ទូកទេសចរណ៍តៃវ៉ាន់ដែលធ្វើដំណើរតាមកោះ Kinmen ត្រូវបានឆ្មាំឆ្នេរសមុទ្រចិនឡើងជិះក្នុងរយៈពេលខ្លី ដោយបង្កឱ្យមានការភ័យស្លន់ស្លោ ខណៈនៅក្នុងសប្តាហ៍នេះ នាវាចិនចំនួន ៥គ្រឿងបានចូលដែនទឹករបស់តៃវ៉ាន់៕

រូបភាពពី Reuters