(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅប្រយុទ្ធ នៅអ៊ុយក្រែននោះទេ បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពលោកខាងលិចទៅជួយអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Adrienne Watson បានលើកឡើងថាលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ រួចហើយថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនឡើយ។ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា បុគ្គលិកយោធាអាមេរិកដែលបានស្ថិតនៅអ៊ុយក្រែនគឺគ្រាន់តែដើម្បីធ្វើការជាមួយស្ថានទូតអាមេរិកលើការទទួល ខុសត្រូវផ្ដល់អាវុធឱ្យអ៊ុយក្រែនតែប៉ុណ្ណោះ។

លោក John Kirby បន្តថាកងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនឱ្យដោះគ្រាប់មីន ផលិតអាវុធ ឬក៏ដឹកនាំប្រតិបតិ្តការអ៉ិនធើណិតនោះទេ ស្របពេល រដ្ឋមន្ត្រីការបរទេសបារាំង លោក ស្ទេហ្វាន សេហ្សួរណេ (Stephane Sejourne) និយាយថាកងទ័ពលោកខាងលិចគួរតែធ្វើប្រតិបតិការទាំងអស់នេះ។

គួរបញ្ជាក់ថា បើតាមលោក John Kirby ការសម្រេចចិត្តបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ឬក៏យ៉ាងណានោះ វាគឺជាសិទ្ធិអធិបតេយ្យរបស់បារាំង ឬក៏សមាជិកអង្គការ NATO ណាមួយ។ តែរឿងដែលសំខាន់ជាងគេនៅពេលនេះ នោះគឺត្រូវធ្វើយ៉ាងណាជំរុញឱ្យរដ្ឋសភាអាមេរិកអនុម័តកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន៕

រូបភាពពី AFP