(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះ​បាននិយាយថាវត្តមាននាវាកងទ័ពជើងទឹកចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជារឿងមួយគួរឱ្យព្រួយបារម្ភ ប៉ុន្តែនឹងមិនអាចកំញើញប្រទេសរបស់លោកពីការការពារដែនសមុទ្រ និងអ្នកនេសាទរបស់ ខ្លួនបាននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្មាំសមុទ្រហ្វីលីពីន បានប្រទះឃើញវត្តមាននាវាកងទ័ពជើងទឹកចិនជាច្រើនគ្រឿង អំឡុងប្រតិបត្តិការល្បាតមួយធ្វើឡើងដោយនាវាមួយគ្រឿងមកពី ការិយាល័យនេសាទ និងធនធានជលផល (BFAR) នៅឯតំបន់ថ្មប៉ប្រះទឹកកំពុងមានវិវាទ Scarborough Shoal ក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពី សប្ដាហ៍មុន។ ឆ្មាំសមុទ្រហ្វីលីពីន បានឱ្យដឹងទៀតថានាវារបស់ BFAR ត្រូវបានតាមប្រដេញ និងរារាំងដោយនាវាឆ្មាំសមុទ្រចិនដែលកំពុងធ្វើបេសកកម្ម ផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អ្នកនេសាទហ្វីលីពីននៅទីនោះ។

តែទោះជាយ៉ាងណាក៏ដោយ តាមលោក Marcos រដ្ឋាភិបាលរបស់លោកនឹងបន្តគាំទ្រដល់អ្នកសាទហ្វីលីពីន បើទោះជាមានការប៉ុនប៉ងរារាំងណាមួយ ក៏ដោយ៕

រូបភាពពី Reuters