(វ៉ាសូវី)៖ នាយករដ្ឋមន្រ្តីប៉ូឡូញ បាននិយាយថា នឹងមានកិច្ចភាក្សាជាមួយរដ្ឋាភិបាលអ៊ុយក្រែន ក្នុងទីក្រុងវ៉ាសូវី នៅថ្ងៃទី២៨ ខែមីនា ប៉ុន្តែមិនបានបញ្ជាក់អំពីសំណើររបស់ប្រធានាធិបតីអ៊ុយក្រែន បើកកិច្ចប្រជុំបន្ទាន់ស្តីពីការតវ៉ារបស់ក្រុមកសិករនៅព្រំដែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Donald Tusk បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ខ្ញុំបានយល់ព្រមជាមួយនាយករដ្ឋមន្រ្តីអ៊ុយក្រែនហើយថា នឹងមានកិច្ចប្រជុំរវាងរដ្ឋាភិបាលទាំងពីរ ដែលគ្រោងឡើងនៅថ្ងៃទី២៨ ខែមីនា ហើយខ្ញុំសង្ឃឹមថាជំនួបពិភាក្សាបច្ចេកទេស អាចនាំទៅរកផ្លែផ្កានៃកិច្ចប្រជុំផ្សេងទៀត»។ នៅពេលត្រូវបានក្រុមអ្នកសារព័ត៌សាកសួរថា តើនឹងមានការជជែកអំពីបញ្ហាតវ៉ានៅព្រំដែនឬទេ? លោក Tusk បានឆ្លើយតបថា ដូចលោកបានបញ្ជាក់យ៉ាងច្បាស់ពីខាងដើមរួចហើយ ដោយមិននិយាយអំពីការស្នើកិច្ចប្រជុំបន្ទាន់របស់លោក ហ្សេលេនស្គី នោះទេ។

គួរបញ្ជាក់ថា កសិករប៉ូឡូញជាច្រើន បានចូលរួមធ្វើការតវ៉ាជុំវិញការចំណាយខ្ពស់ ការនាំចូលអាហារក្នុងតម្លៃថោក និងគោលនយោបាយអាកាសធាតុរបស់សហភាពអឺរ៉ុប។ ប្រការនេះធ្វើឱ្យ លោក Tusk មានការលំបាកក្នុងការរក្សាតុល្យភាពលើការគាំទ្រដ៏រឹងមាំរបស់ទីក្រុងវ៉ាសូវីសម្រាប់ទីក្រុងកៀវ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី ខណៈព្យាយាមដោះស្រាយភាពសោកសៅរបស់កសិករ។ ថ្មីៗនេះ លោក ហ្សេលេនស្គី បានអំពាវនាវដល់នាយករដ្ឋមន្រ្តី និងប្រធានាធិបតីរបស់ប៉ូឡូញ ក៏ដូចជាក្រុមមន្រ្តីសហភាពអឺរ៉ុប ឱ្យមកកាន់ព្រំដែនអ៊ុយក្រែន-ប៉ូឡូញ ដើម្បីពិភាក្សាគ្នាលើបញ្ហានេះ៕

រូបភាពពី Reuters