(ឡុងដ៏)៖ រដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចក្រភពអង់គ្លេសត្រូវចំណាយថវិកា ៤.៥ពាន់លានផោន ឬស្មើនឹង ៥.៧ពាន់លានដុល្លារ ដល់កងកម្លាំងប្រដាប់អាវុធបំពាក់យន្តហោះដ្រូន សម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត ក្រោយសង្រ្គាមអ៊ុយក្រែនបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធអាវុធដែលមិនចាំបាច់ប្រើមនុស្ស ក្នុងពេលមានជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

យន្តហោះដ្រូនសម្រាប់ប្រយុទ្ធ គឺជាអាវុធដ៏សំខាន់ក្នុងសមរភូមិសង្រ្គាមជាង ២ឆ្នាំរបស់រុស្ស៉ីជាមួយអ៊ុយក្រែន ដោយភាគីទាំងពីរកំពុងខិតខំធ្វើឱ្យបច្ចេកវិទ្យានៃអាវុធប្រភេទនេះកាន់តែខ្លាំងក្លា។ យន្តហោះដ្រូន ឬយានគ្មានមនុស្សបើក (UAVs) មានតម្លៃថោកសម្រាប់ការផលិត ហើយអាចឃ្លាំមើលចលនារបស់សត្រូវ និងបាញ់ទម្លាក់អាវុធបានជាក់លាក់។

ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងថា ផែនការវិនិយោគថ្មីនេះ នឹងជំរុញល្បឿនចែកចាយយន្តហោះដ្រូន ទៅដល់កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ខ្លួន ដើម្បីប្រើប្រាស់ក្នុងវិស័យស៉ើបការណ៍សម្ងាត់ ឈ្លបយកការណ៍ ឃ្លាំមើល ការវាយប្រហារ និងភស្តុភារ។ បើតាម លោក James Cartlidge រដ្ឋមន្រ្តីទទួលបន្ទុកលទ្ធកម្មការពារជាតិ «ជម្លោះនៅឯអ៊ុយក្រែន បានក្លាយទៅជាកន្លែងបំផុសគំនិតអំពីសង្រ្គាម ហើយយើងត្រូវតែរៀនសូត្រ និងអនុវត្តតាមមេរៀនទាំងនោះ»

គួរបញ្ជាក់ថា យន្តហោះដ្រូនដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអង់គ្លេស រួមមាន Evolve Dynamics Sky Mantis ទម្ងន់ ៧.៧គីឡូក្រាម និង Reaper MQ-9A ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាស សម្រាប់បេសកកម្មឃ្លាំមើល និងការវាយប្រហារ។ ចក្រភពអង់គ្លេស កំពុងផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវយន្តហោះដ្រូន ដោយបានចំណាយថវិកា ២០០លានផោន លើប្រព័ន្ធអាវុធប្រភេទនេះចេញពីកញ្ចប់ជំនួយយោធាសរុប ២.៥ពាន់លានផោន ហើយក៏បានបរិច្ចាកយន្តហោះដ្រូន ៤,០០០គ្រឿងរួចហើយដល់អ៊ុយក្រែន៕

រូបភាពពី Reuters