(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យសភាទាំង២របស់សហរដ្ឋអាមេរិកអនុម័តការផ្ដល់កញ្ចប់ជំនួយបន្ថែម សម្រាប់ទីក្រុងកៀវ ជាមួយ ការសង្កត់ធ្ងន់ថាបរាជ័យក្នុងការធ្វើដូច្នេះនឹងធ្វើឱ្យប្រជាជន រួមទាំងទាហានអ៊ុយក្រែនបន្តបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ការអំពាវនាវរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក Fox News ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ចំពេលសមាជិកសភាតំណាងរាស្ត្រមួយចំនួនមកពីគណបក្សសាធារណរដ្ឋ នៅតែបន្តជំទាស់នឹងការអនុម័តកញ្ចប់ជំនួយថ្មី ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។

លោក ហ្សេលេនស្គី នៅក្នុងកិច្ចសម្ភាសន៍នោះ ក៏បានព្រមានដែរថាការលះបង់ដើម្បីជួយអ៊ុយក្រែនក្នុងពេលបច្ចុប្បន្ន គឺមានទំហំតូចជាងការប្រឈមុខជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅពេលក្រោយទៅទៀត ប្រសិនបើលោកឈ្នះនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងនាមជាម្ចាស់ជំនួយធំបំផុតរបស់ទីក្រុងកៀវ។ ប៉ុន្តែ កញ្ចប់ជំនួយយោធានៅសល់កំពុងប្រើជិត អស់ ហើយសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសភាតំណាងរាស្ត្រអាមេរិកបានជំទាស់នឹងការផ្ដល់ជំនួយថ្មីដល់ទីក្រុងកៀវ។ លោក ត្រាំ ដែលត្រូវបានគេ រំពឹងថាក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ ក៏បានប្រឆាំងនឹងការផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែនដែរ។

លោក ហ្សេលេនស្គី បានលើកឡើងក្នុងសន្និសីទទីក្រុងមុយនិក ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជូនលោក ត្រាំ ទៅសមរភូមិក្នុង ប្រទេសអ៊ុយក្រែន ដើម្បីមើលពីស្ថានការណ៍ជាក់ស្ដែងនៃសង្រ្គាម៕

រូបភាពពី AFP