(រីយ៉ូ ដឺហ្សាណេរ៉ូ)៖ ក្រុមរដ្ឋមន្ត្រីការបរទេសដែលបានចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសប្រេស៊ីល បានបង្ហាញការគាំទ្រលើសលប់ចំពោះដំណោះស្រាយរដ្ឋ២ ថាជាមធ្យោបាយតែមួយគត់ ដើម្បីស្វែងរកសន្តិភាពបិទបញ្ចប់ជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងនាឱកាសបិទកិច្ចប្រជុំរយៈពេល២ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានគូសបញ្ជាក់ដូច្នេះថា «វាពិតជា មានការគាំទ្រស្ទើរតែឯកច្ឆន្ទសម្រាប់ដំណោះស្រាយរដ្ឋ២ ថាជាមធ្យោបាយតែមួយគត់ដើម្បីបិទបញ្ចប់ជម្លោះ (រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន»។ លោកបន្តថា សមាជិកទាំងអស់របស់ G20 ក៏បានគូសបញ្ជាក់ផងដែរពីការព្រួយបារម្ភពីសង្រ្គាមនៅហ្កាហ្សា និងលទ្ធភាពនៃការផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា ទាំងមូល។

បើតាមលោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល មានការអំពាវនាវកាន់តែច្រើនឡើងឱ្យមានបទឈប់បាញ់ និងការផ្ដល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា ខណៈប្រទេសភាគច្រើនកំពុងរិះគន់ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទីក្រុង Rafah។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាលោកយល់ស្របជាមួយបណ្ដាសមាជិក G20 ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា បើទោះជាសហរដ្ឋអាមេរិកទើបតែវេតូប្រឆាំងនឹងដំណោះស្រាយ អំពាវនាវឱ្យមានបទឈប់បាញ់របស់អង្គការសហប្រជាជាតិក៏ដោយ។ ក៏ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថាការបិទបញ្ចប់ជម្លោះគឺជាគោលដៅរួម ហើយមធ្យោបាយដើម្បី សម្រេចចិត្តគោលដៅមួយនេះ គឺធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងមួយដែលសហរដ្ឋអាមេរិកកំពុងជួយជ្រោមជ្រែងសម្រេចឱ្យបានរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ស្ដីពីការដោះលែងចំណាប់ខ្មាំង។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រកាសកាលពីពេលថ្មីៗនេះថាអ៉ីស្រាអែលនឹងមិនទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយឯកតោភាគីនោះទេ៕

រូបភាពពី AFP