(ឡុងដ៍)៖ សហរដ្ឋអាមេរិក និងអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte សម្រាប់ការស្នងតំណែងជំនួស លោក Jens Stoltenberg ជាអគ្គលេខាធិការបន្ទាប់របស់អង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកស្នងតំណែងរបស់ លោក Stoltenberg នៅពេលគាត់លាលែងពីតំណែងក្នុងខែតុលា នឹងចូលកាន់តំណែងនៅដំណាក់កាលសំខាន់មួយនេះ ដែលមានភារកិច្ចបន្តគាំទ្រសមាជិកណាតូ សម្រាប់ការការពារដ៏ថ្លៃថ្លារបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈការប្រើប្រាស់យុទ្ធសាស្ត្រខុសណាមួយក្នុងការពារប្រឆាំងនឹងការកើន អាចនឹងទាញសម្ព័ន្ធមិត្តយោធានមួយនេះធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា «ប្រធានាធិបតី Biden គាំទ្រយ៉ាងខ្លាំងចំពោះការតែងតាំងនាយករដ្ឋមន្ត្រី Rutte សម្រាប់តំណែងជាអគ្គលេខាធិការបន្ទាប់របស់ណាតូ» ដោយបានបន្តថា «នាយករដ្ឋមន្ត្រី Rutte មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃសម្ព័ន្ធភាព ...ហើយការដឹកនាំរបស់គាត់នឹងបម្រើដល់សម្ព័ន្ធភាព បានយ៉ាងល្អនៅពេលដ៏សំខាន់នេះ»

ការិយាល័យការបរទេសអង់គ្លេសបាននិយាយថា លោក Rutte គឺជាឥស្សរជនដែលមានការគោរពយ៉ាងល្អនៅក្នុងអង្គការ NATO ជាមួយនឹងលក្ខណៈសម្បត្តិការពារ និងសន្តិសុខយ៉ាងម៉ត់ចត់ ហើយលោកនឹងធានាថា NATO នៅតែរឹងមាំ និងត្រៀមខ្លួនសម្រាប់តម្រូវការការពារស្វ័យភាពណាមួយ។

គួរបញ្ជាក់ថា មេដឹកនាំណាតូត្រូវបានតែងតាំងជាឯកច្ឆន្ទ ដែលតម្រូវឱ្យមានការគាំទ្រ ឬយ៉ាងហោចណាស់អវត្តមាននៃការប្រឆាំងពីសមាជិកទាំង ៣១រូប។ អ្នកការទូតពីរនាក់បាននិយាយថា លោក Rutte មានការគាំទ្រពីសមាជិកណាតូប្រហែល ២០មកទល់ពេលនេះ។
បច្ចុប្បន្នស៊ុយអែតត្រូវបានកំណត់ថា នឹងក្លាយជាសមាជិកទី ៣២ នៃសម្ព័ន្ធភាពលោកខាងលិចុមួយនេះ ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕