(កៀវ)៖ ទាហានអ៊ុយក្រែនជាច្រើនរយនាក់ ត្រូវគេរាយការណ៍ជុំវិញការចាប់ខ្លួន និងការបាត់ខ្លួនក្នុង សភាពវឹកវរដែលមានការដកថយ ក្នុងស្ថានភាពដែលមានការបាត់ក្រុង Avdiivka ធ្លាក់ចូលក្នុង កណ្តាប់ដៃរបស់ទាហានរុស្ស៊ី។ ការបាត់បង់ក្រុង Avdiivka នៅមុនខួបគំរប់២ឆ្នាំឈានចូល៣ ឆ្នាំនៃអំពើវាយប្រហារលុកលុយរបស់រុស្ស៊ីនេះ បាននាំឱ្យមានក្តីបារម្ភជុំវិញស្មារតីលើកទឹកចិត្ត ប្រយុទ្ធរបស់ទាហានអ៊ុយក្រែន និងស្មារតីជ្រើសរើសទ័ពថ្មីសម្រាប់ធ្វើការប្រយុទ្ធជាបន្តថែម ទៀតប្រឆាំងអំពើឈ្លានពានរបស់រុស្ស៊ី។

ខណៈខួបគម្រប់ឆ្នាំទី២ឈានចូលឆ្នាំទីបីនឹងឈានមកដល់ក្នុងពេលខាងមុខនេះ ការស្ទង់មតិ មួយរបស់ក្រុមប្រឹក្សាអឺរ៉ុប នៃទំនាក់ទំនងអន្តរជាតិបាននិយាយថា ភាពឈ្នះសង្គ្រាមរបស់ភាគី អ៊ុយក្រែនមានតិចតួចណាស់។ ការវាយតម្លៃតាមរយៈការស្ទង់មតិនេះ បានធ្វើឡើងបន្ទាប់ ពីអ៊ុយក្រែនបានទទួលស្គាល់ នូវភាពស្វិតស្វាញលំបាកនៅលើសមរភូមិ គ្រាដែលលំហូជំនួយ យោធាមិនអាចមានភាពរលូនដូចមុនទៀតនោះឡើយ។ ម្យ៉ាងទៀត រុស្ស៊ីបានបង្កើនការវាយប្រហារដណ្តើមយកទីតាំងបានខ្លះទៀត ជាពិសេសការបាត់ក្រុង Avdiivka គ្រាដែលមានសេចក្តីរាយការណ៍ទាហានអ៊ុយក្រែន ប្រមាណពី៨៥០ដល់១,០០០នាក់ បានបាត់ខ្លួននិងត្រូវបានចាប់ជាឈ្លើយសឹក។

ក្រុមប្រទេសលោកខាងលិចនិងទាហានអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនៅលើសមរភូមិ បាន ថ្លែងថា មានទាហានអ៊ុយក្រែនរាប់រយនាក់ បានបាត់ខ្លួនដែលសង្ស័យថាពួកគេអាចត្រូវបានចាប់ធ្វើជាឈ្លើយសឹក ឬត្រូវបានសម្លាប់ដោយទាហានរុស្ស៊ី ក្នុងពេលដែលមានការបាត់បង់ក្រុង Avdiivka។ ការបាត់ខ្លួនទាហានជាច្រើននេះ មិនមែនជាសញ្ញាដ៏ល្អទេសម្រាប់អ៊ុយក្រែនជាពិ សេសក្នុងពេលដែលខួបគំរប់២ឆ្នាំឈានចូលឆ្នាំទី៣ នៃអំពើវាយលុកលុយរបស់រុស្ស៊ីកំពុង ឈានមកដល់បន្តិចទៀតនេះ។ រុស្ស៊ី បានចូលលុកលុយវាយដណ្តើម ទឹកដីភាគខាងកើតអ៊ុយ ក្រែននៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២។ នៅមុនប៉ុន្មានថ្ងៃដែលទិវារំលឹកខួបនេះ ឈានមកដល់, ទី តាំងបន្ទាយនិងជាកំផែងដ៏រឹងមាំ ដែលបានទប់ទល់រយៈពេលជិត១០ឆ្នាំរួចមកនេះ ទីបំផុត ស្រាប់តែអ៊ុយក្រែនបោះបង់ចោលទៅវិញ នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤។

ការចូលគ្រប់គ្រងរបស់រុស្ស៊ីក្នុងក្រុង Avdiivka ត្រូវគេចាត់ទុកថាហាក់ដូចបាត់បង់នូវអ្វីម្យ៉ាង នៃនិមិត្តរូបកងទ័ព និងជាភាពមិនប្រសើរឡើង ទាល់តែសោះនៃការបើកទំព័រឆ្នាំទី៣នៃការ ប្តេជ្ញាធ្វើសង្គ្រាមបន្តប្រឆាំងនឹងរុស្ស៊ី។ ការបាត់បង់ក្រុងAvdiivka បានទន្ទឹមនឹងភាពរាំងស្ទះ នៃជំនួយ ៦១ពាន់លានរបស់សហរដ្ឋអាមេរិកដែលកំពុងជាប់គាំង នៅក្នុងស្ថាប័នសភាតំណាងរាស្ត្រអាមេរិកនិ ងការបាត់បង់ក្រុងនេះ ទៀតគឺនៅក្រោយដែលមានសេចក្តីរាយការណ៍ ជុំវិញទាហានអ៊ុយក្រែនមិនសប្បាយចិត្តដែល មានការផ្លាស់ប្តូរអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ខណៈដែលសមរភូមិកំពុងតែមាន សភាពក្តៅគគុកជាមួយនឹងរុស្ស៊ី ប៉ុន្តែបែរជាមានការផ្លាស់ប្តូរមេបញ្ជាការកងទ័ពមួយរូបដែលបានដឹក នាំបញ្ជាការការពារទឹកដីចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនោះមក។

ការបាត់បង់ក្រុងAvdiivka នេះទៀត ក៏នាំឱ្យក្តីបារម្ភនូវរូបភាពមិនល្អសម្រាប់អនាគតនៃការ លើកទឹកចិត្តដើម្បីរើសកងទ័ពថ្មី របស់អ៊ុយក្រេនដើម្បីធ្វើការប្រយុទ្ធក្នុងឆ្នាំទីបីជា មួយនឹងកង ទ័ពរុស្ស៊ីផងដែរ។

* ទាហានអ៊ុយក្រែនពី៨៥០ទៅ១,០០០នាក់ អាចត្រូវបានចាប់ខ្លួនឬត្រូវបានសម្លាប់ ក្រោយការបាត់បង់ក្រុង Avdiivka

សេចក្តីរាយការណ៍មុននេះ បានបង្ហាញថា ពិតជាមានទាហានអ៊ុយក្រែនខ្លះដែលរងរបួសធ្ងន់ និងត្រូវគេទុកចោលនោះ មានចំនួនប្រហែលមិនតិចប៉ុន្មានទេ ប៉ុន្តែមិនអាចមានការសន្មតថា តើចំនួនប៉ុន្មានឡើយ។ បទបញ្ជាដកថយ ត្រូវគេរាយការណ៍ថា ហាក់ដូចជាមានសភាពលឿន ពេកដែលធ្វើឱ្យមានភាពស្លន់ស្លោដល់ទាហានខ្លះ… ទាហានអ៊ុយក្រែនម្នាក់ត្រូវបានគេបញ្ជា ឱ្យទុកទាហានមានរបួសចំនួន៣០០នាក់ចោល ហើយត្រូវដុតចោលរាល់អ្វីៗទាំងអស់ដែល នៅសេសសល់។ ខណៈក្រុមទាហានរុស្ស៊ី ចូលមកដល់ ពួកគេបានថតរូបនូវសាកសពទា ហានអ៊ុយក្រែនមួយចំនួនថែមទៀត ដែលក្រុមគ្រួសារនិងសាច់ញាតិខ្លះអាចដឹងថាមនុស្សជា ទីស្រឡាញ់របស់ពួកគេ ត្រូវបានស្លាប់នៅលើសមរភូមិនោះទៅហើយ។

ការប៉ាន់ប្រមាណនៃចំនួនទាហានអ៊ុយក្រែន ត្រូវបានគេចាប់ខ្លួន ឬបានបាត់ខ្លួន ក្រោយមក ត្រូវបានរាយការណ៍តាមកាសែត The New York Times ដែលដកស្រង់សម្តីរបស់ទាហាន និង មន្ត្រីរបស់ក្រុមបស្ចឹមប្រទេសដែលសន្និដ្ឋានថា មានទាហានអ៊ុយក្រែន ក្នុងរង្វង់ពី៨៥០ដល់១ ពាន់នាក់ត្រូវបានគេចាប់ខ្លួនឬបាត់ខ្លួន ក្នុងពេលដែលមានការបាត់ក្រុង Avdiivka។ មន្ត្រីលោក ខាងលិច បានថ្លែងថាតួលេខប៉ាន់ប្រមាណនោះ អាចជាតួលេខត្រឹមត្រូវ។

មន្ត្រីអាមេរិកនិយាយថា ក្រុង Avdiivka ដែលបាត់បង់នោះ មិនមែនជាដំណើរថយក្រោយនៃ យុទ្ធសាស្ត្រដ៏សំខាន់ របស់អ៊ុយក្រែននោះទេ។ មន្ត្រីអាមេរិកនិយាយថា បើទោះបីជារុស្ស៊ីគ្រប់គ្រងក្រុង Avdiivka និងតំបន់ភាគខាងកើតរបស់អ៊ុយក្រែន នោះបានមែន ក៏វាមិនមែនជា ចំណុចនាំឱ្យរុស្ស៊ីអាចមានប្រៀបលើការធ្វើឱ្យ សមរភូមិដទៃទៀតអាចដួលរលំជាបន្តបន្ទាប់ បាននោះឡើយ។ មន្ត្រីអាមេរិកវាយតម្លៃថារុស្ស៊ីទំនង នឹងមិនបន្តវាយប្រហារក្នុងទ្រង់ទ្រាយធំ ណាមួយទៀតឡើយ។ ទោះជាយ៉ាងណាក្តី ការបាត់បង់ទាហានច្រើនរយនាក់ ប្រមាណពី ៨៥០ដល់១ពាន់នាក់ មិនមែនជារឿងធម្មតាសម្រាប់អ៊ុយក្រែន ដែលប្តេជ្ញាការវាយដណ្តើមយក ទឹកដីវិញពីរុស្ស៊ីឡើយ។

កាសែត The New York Times បានរាយការណ៍ជុំវិញការដកស្រង់សម្តីមន្ត្រីអាមេរិកដែល បាននិយាយថាស្មារតីប្រយុទ្ធ របស់ទាហានអ៊ុយក្រែននាប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់ដូចជា មិនសូវល្អខណៈដែលរឿងរ៉ាវបានកើតឡើងផ្ទួនៗ រាប់តាំងពី ភាពមិនអាចទម្លុះទម្លាយរបាំង ឧបសគ្គរុស្ស៊ីក្នុងយុទ្ធនាការវាយលុក Counter Offensive ឆ្នាំ២០២៣ និងរហូតមកដល់ការ ដកអគ្គមេបញ្ជាការលោកValerii Zaluzhnyi និងជំនួសមកវិញដោយលោក Oleksandr Syrsky។ ទាហានអ៊ុយក្រែន បាននិយាយថា ក្នុងពេលដែលស្ថានការណ៍សឹកតម្រូវរកធនធានមនុស្ស និងមេទ័ពដែលពូកែដើម្បីលើកទឹកចិត្តទាហាន សម្រាប់ធ្វើការប្រយុទ្ធ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន បែរជាសម្លឹងឃើញថាវាជាពេលវេលាដែលត្រូវដកអគ្គ មេបញ្ជាការចាស់និងផ្លាស់ប្តូរ ឧត្តមសេនីយ៍ថ្មីជំនួសលោក Valerii Zaluzhnyi នោះទៅវិញ។

ដោយសារតែភាពថមថយនៃស្មារតីប្រយុទ្ធ របស់ទាហានអ៊ុយក្រែនទាំងនោះហើយ ក្រុមមន្ត្រីអាមេរិកបាននិយាយថា យោធាអ៊ុយក្រែននឹងប្រឈមលើ បញ្ហាដែលត្រូវជ្រើសរើសទ័ពថ្មីជា បន្ថែមទៀតសម្រាប់ការប្រយុទ្ធក្នុងឆ្នាំ២០២៤។ មន្ត្រីយោធាអ៊ុយក្រែនបាននិយាយថា ពួកគេចង់រើសទ័ពថ្មីចំនួនច្រើន ដល់៥០ម៉ឺននាក់ ប៉ុន្តែសំណើនេះ បានប្រឈមនឹងការជំទាស់ នយោបាយ…ហើយកំពុងត្រូវបានជាប់គាំងនៅក្នុងសភា។ សំណើរើសទ័ពថ្មីដល់៥០ម៉ឺននាក់នេះ នឹងអាចនាំឱ្យមានភាពប្រទាំងប្រទើស ខណៈដែលមានសេចក្តីរាយការណ៍ការទុកទា ហានរងរបួសចោលបណ្តោយឱ្យទាហានរុស្ស៊ីសម្លាប់ និងមានទាហានប្រមាណពី៨៥០ដល់ ១ពាន់ត្រូវបានបាត់ខ្លួនឬចាប់ខ្លួនដោយទាហានរុស្ស៊ី។

បញ្ជាការដ្ឋានយោធាអ៊ុយក្រែនបានទទួលស្គាល់ថា ពិតជាទាហានមួយចំនួនត្រូវបានរុស្ស៊ីចាប់ខ្លួន នៅក្នុងពេលដកថយពីក្រុង Avdiivka នោះមែន ប៉ុន្តែបានព្យាយាមនិយាយថាវាមិនមានចំនួនច្រើន និងថាការបាត់បង់ក្រុងនោះ មិនមានសារៈសំខាន់ជាយុទ្ធសាស្ត្រអ្វីឡើយ។

មេបញ្ជាការមួយរូបនៃកងទ័ពអ៊ុយក្រែន គឺលោក Oleksandr Tarnavsky ដែលជាមេបញ្ជាការ ប្រយុទ្ធក្នុងតំបន់ Avdiivka នោះ បាននិយាយតាមសារក្នុងប្រព័ន្ធ Telegram ថា «ការដកថយ បានប្រព្រឹត្តទៅតាមផែនការ ប៉ុន្តែនៅក្នុងដំណាក់កាលចុងក្រោយ នៃប្រតិបត្តិការក្រោម សម្ពាធខ្លាំងពីពួកសត្រូវ, មានទាហានអ៊ុយក្រែនខ្លះ ត្រូវបានចាប់ជាឈ្លើយសឹក»

លោក Oleksandr Tarnavsky មិនបានប្រាប់ថា តើទាហានប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននោះទេ។ ប៉ុន្តែ អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានយោធា របស់លោក ឈ្មោះ Dmytro Lykhovii បានបង្ហាញ នូវ សេចក្តីរាយការណ៍ខុសគ្នាខ្លះដោយទាត់ចោល នូវរបាយការណ៍និយាយអំពីមានការចាប់ខ្លួន ទាហានអ៊ុយក្រែនច្រើនរយនាក់នោះ។ លោក Dmytro Lykhovii បានហៅរបាយការណ៍នោះ ថាជាព័ត៌មានមិនពិត ប៉ុន្តែទទួលស្គាល់ថារុស្ស៊ីបានចាប់ទាហានអ៊ុយក្រែនខ្លះមែន និងថាក៏ មានទាហានអ៊ុយក្រែនមួយចំនួន បានបាត់ខ្លួនផងដែរ។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ទៀត បាននិយាយថា មានតែទាហានអ៊ុយក្រែនតែប្រាំមួយនាក់ ប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួននៅក្នុង ពេលដកថយពីទីក្រុង Avdiivka នេះ។ មន្ត្រីជាន់ខ្ពស់នោះបាននិយាយថា ទាហានដែលសត្រូវបានចាប់ទាំងនោះ គឺមកពីកងពលតូចទី៣នៃកង ពលប្រយុទ្ធ និងពួកគេបន្ទាប់ពីបាញ់អស់គ្រាប់រំសេវរួចមក ក៏ត្រូវបានគេចាប់ខ្លួន និងពួកគេ បានបាត់ទំនាក់ទំនងទាំងអស់ ជាមួយនឹងក្រុមយោធាអ៊ុយក្រែនដទៃទៀត។

ប៉ុន្តែសេចក្តីរាយការណ៍របស់ The New York Times បាននិយាយថាទាហានអ៊ុយក្រែន និង មន្ត្រីលោកខាងលិចមួយចំនួន បាននិយាយថាភាពបរាជ័យមិនអាចអនុវត្តការដកទ័ពចេញ ដោយមានសណ្តាប់ធ្នាប់ និងភាពចលាចលនៃបទបញ្ជាដាក់ចេញ កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ទី១៦និង១៧ កុម្ភៈ ជាមួយរបាំងការពារបានដួលរលំទៀតនោះ បានធ្វើឱ្យមានការបាត់នូវចំនួន ទាហានជាច្រើនដែលគេជឿថា ត្រូវបានគេចាប់និងបាត់ខ្លួននោះ។

សេចក្តីរាយការណ៍បានបន្ទោសថាយុទ្ធសាស្ត្រដកខ្លួន របស់អ៊ុយក្រែនមិនមានការរៀបចំទុក ជាមុនបានល្អ, ការបញ្ជាដកថយ មានសភាពលឿនពេក ហើយការចាប់ផ្តើមដកថយមានស ភាពយឺតទៅហើយដែលនាំឱ្យមាន ស្ថានការណ៍អាក្រក់កើតឡើងភ្លាមៗ។ បទបញ្ជាដកថយ ហាក់ដូចជាមានសភាពលឿន ខណៈទាហានរបួសខ្លះដែលមិនអាចដើរ រួចនិងមិនត្រូវបានគេជួយដឹកជម្លៀសចេញ ត្រូវបានស្លាប់ក្នុងពេលដែលទាហានរុស្ស៊ីបានចូល មកដល់ទីតាំង។

ទាហាន និងមន្ត្រីលោកខាងលិចបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ជុំវិញកិច្ចពិភាក្សា នៃការវាយតម្លៃរបស់ក្រុមចារកម្ម ដែលផ្ទុយនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ុយក្រែន។ យោងតាមខ្សែវីដេអូមួយបានបង្ហាញថា នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានចាប់ផ្តើមដកថយនោះ ទាហាននានាបានស្ថិតក្រោម ការបាញ់ដោយកាំភ្លើងធំរបស់រុស្ស៊ី និងសាកសពត្រូវគេឃើញ នៅរាយប៉ាយតាមដងផ្លូវ និងនៅតាមចន្លោះដើមឈើ។ ទាហានអ៊ុយក្រែនបានធ្វើប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងគ្នា ទៅវិញទៅមកតាមវិទ្យុទាក់ទង។

ទាហានខ្លះ ដែលដឹងនូវបទបញ្ជាឱ្យដកថយ បាននិយាយថាបញ្ហាមិនអាចធ្វើការទាក់ទងគ្នា បាននោះហើយ គឺ ជាកត្តាដ៏ធំមួយ នៃយុទ្ធសាស្ត្រដកថយដែលបាននាំ ឱ្យទាហានត្រូវបានរុស្ស៊ីចាប់ខ្លួន, ខ្លះត្រូវបានបាញ់សម្លាប់ និងខ្លះត្រូវបានបាញ់ឱ្យរងរបួស។ ទាហានខ្លះដែលដឹងនូវបទបញ្ជាដកថយ បានរត់រួចខ្លួន ខណៈទាហានខ្លះទៀតដែលមិនបានដឹងបទបញ្ជា នៅតែបន្តការទប់ទល់ដោយ គ្មានជំនួយគាំទ្រ និងទីបំផុតអ្នកដែលមិនដឹង នូវបញ្ជាដកថយនោះហើយ គឺជាទាហាន ដែលត្រូវបានរុស្ស៊ីឡោមព័ទ្ធបាញ់សម្លាប់ ធ្វើឱ្យរបួសនិងត្រូវបានចាប់ជាឈ្លើយសឹក។

សេចក្តីរាយការណ៍ចុងក្រោយពីសមរភូមិបានឱ្យដឹងទៀតថា ខណៈដែលអ៊ុយក្រែនបានបាត់ ក្រុងAvdiivka រួចមកហើយនេះ, រុស្ស៊ីបានព្យាយាមវាយដណ្តើមយក ទីតាំងខ្លះទៀតជាពិសេស នៅមុនថ្ងៃទី២៤កុម្ភៈដែលនឹងមកដល់ខាងមុខនេះ។ រុស្ស៊ីបានអះអាង ការដណ្តើមកាន់កាប់ ក្បាលស្ពាននៃច្រាំងទន្លេ Dnipro បានមកវិញ ប៉ុន្តែអ៊ុយក្រែនបានបដិសេធជុំវិញការអះអាង កាន់កាប់នោះនិងថា ការប្រយុទ្ធគ្នានៅទីនោះកំពុងតែបន្តនៅឡើយទេ។

រុស្ស៊ីបាននិយាយថាគេបានចូលគ្រប់គ្រងភូមិ Krynky ដែលជាតំបន់ជាប់នឹងច្រាំងទន្លេ Dnipro ទល់មុខនឹងក្រុង Kherson ។ ការវាយសម្រុករបស់រុស្ស៊ីចូលកាន់កាប់ភូមិ Krynky នោះ គឺនៅ បន្ទាប់ពីអ៊ុយក្រែនបានបាត់បង់ក្រុង Avdiivka។ ការវាយប្រហារត្រូវគេរាយការណ៍ថា នៅបាន កើតឡើងក្នុងភូមិ Robotyne ផងដែរគ្រាដែលមានសេចក្តីរាយការណ៍ថា កងកម្លាំងអ៊ុយក្រែន បានខ្វះគ្រាប់រំសេវក្នុងការតតាំង ជាមួយនឹងទាហានរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានថ្លែងកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះថារុស្ស៊ីបានចូលគ្រប់គ្រងក្នុងតំបន់ Krynky ទាំងស្រុងហើយបើទោះបីជា អ៊ុយក្រែនបានបដិសេធថា នៅសមរភូមិនោះ កំពុងតែមានភាពប្រទាញប្រទង់គ្នាក៏ដោយ។

នៅលើសមរភូមិផ្សេងៗនោះវិញ ការវាយប្រហារដាក់គ្នាទៅវិញទៅមក មានសភាពកាចសាហាវគួរឱ្យកត់សម្គាល់។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថាក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះរុស្ស៊ីបានបាញ់ដ្រូន១៩ គ្រឿង និងបាញ់មីស៊ីល៦គ្រឿង ប៉ុន្តែប្រព័ន្ធការពារអា កាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនបានចំនួន១៣គ្រឿង និងបាញ់ទម្លាក់មីស៊ីលរុស្ស៊ីបាន មួយគ្រឿង។ សេចក្តីរាយការណ៍ពីបណ្តាញសង្គមរបស់រុស្ស៊ី បាននិយាយថា មានទាហានរុស្ស៊ី៦៥នាក់បានស្លាប់ដោយសារការបាញ់ មីស៊ីលរបស់អ៊ុយក្រែនមួយគ្រាប់នៅតំបន់ Trudivske នៃខេត្តដូណេតស៍។

ខណៈសង្គ្រាមត្រៀមនឹងឈានចូលដល់ឆ្នាំទី៣ខាងមុខនេះ មានការវាយតម្លៃតាមការស្ទង់ មតិមួយដែលនិយាយថាពាក់ព័ន្ធនឹង អនាគតនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននេះ។ ការស្ទង់មតិរបស់ក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិ បាននិយាយថាពលរដ្ឋ ក្នុងទ្វីបអឺរ៉ុបមាន ជំនឿត្រឹមតែ១០ភាគរយទេ ដែលថាអ៊ុយក្រែនអាចឈ្នះសង្គ្រាមលើរុស្ស៊ី គ្រាដែល២០ភាគរយបាននិយាយថារុស្ស៊ី នឹងឈ្នះលើសង្គ្រាមក្នុង ទឹកដីអ៊ុយក្រែននេះ ប៉ុន្តែមាន៣៧ភាគរយ ដែលនិយាយថាសង្គ្រាមនឹងបញ្ចប់ទៅវិញបាន ដោយសារតែ មានការធ្វើសម្បទានទឹកដី។ ការ ស្ទង់មតិរបស់ក្រុមប្រឹក្សាអឺរ៉ុប នៃទំនាក់ទំនងអន្តរជាតិនេះ បានធ្វើឡើងទន្ទឹមនឹងអ៊ុយក្រែន បានទទួលស្គាល់នូវភាពលំបាក ក្នុងសមរភូមិមុខនិងមានការសង្ស័យ ជុំវិញភាពមិនរលូននៃ ការផ្តល់ជំនួយយោធាឱ្យ អ៊ុយក្រែនទាន់ពេលវេលា ដើម្បីវាយប្រហារលើរុស្ស៊ី៕

រូបភាពពី Reuters