(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍នេះ ចិនបានថ្កោលទោសគណៈប្រតិភូនៃតំណាងរាស្រ្តអាមេរិក ដែលបានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដោយចាត់ទុកសកម្មភាពនេះថា ជាការលូកលាន់ជ្រៀតជ្រែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងដូច្នេះថា «ចិនតែងតែប្រឆាំងដាច់ខាតចំពោះការធ្វើប្រាស្រ័យ​ទាក់ទងផ្លូវការ ទោះក្នុងទម្រង់ណាក៏ដោយ រវាងសហរដ្ឋអាមេរិកនិងអាជ្ញាធរតៃវ៉ាន់ ហើយជំទាស់យ៉ាងមុតមាំចំពោះ ការជ្រៀតជ្រែកលូកលាន់​របស់អាមេរិកមក ក្នុងកិច្ចការតៃវ៉ាន់ មិនថាក្នុងរបៀបណា ឬក្រោមហេតុផលអ្វី នោះទេ។ ពួកយើងទទូចឱ្យអាមេរិកទទួលស្គាល់ ភាពស្មុគស្មាញនិងភាពរសើបជាខ្លាំងនៃបញ្ហាកោះតៃវ៉ាន់»។ អ្នកនាំពាក្យរូបនេះ បានស្នើឱ្យអាមេរិកគោរពគោលការណ៍ចិនតែមួយ ហើយបញ្ឈប់សកម្មភាព​ធ្វើប្រាស្រ័យទាក់ទងផ្លូវការនានា ជាមួយតៃវ៉ាន់។

គួរបញ្ជាក់ថា ក្រុមសមាជិកសភាអាមេរិកសរុប៥រូប ដឹកនាំដោយលោក Mike Gallagher នាថ្ងៃព្រហស្បតិ៍នេះ បានជួបពិភាក្សាជាមួយ ​មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen និងមេដឹកនាំរងតៃវ៉ាន់លោក Lai Ching-te ដែលបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតរើស​មេដឹកនាំតៃវ៉ាន់ថ្មី កាលពីខែមករាកន្លងទៅ។ លោក Lai នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នាខែឧសភា ឆ្នាំនេះ៕

រូបភាពពី Reuters