(មូស្គូ)៖ រុស្ស៉ីកំពុងតែដកខ្លួនចេញពី កិច្ចព្រមព្រៀងមួយស្តីពីការនេសាទ ដែលសម្រេចបានតាំងតែពីឆ្នាំ១៩៥៦ ជាមួយចក្រភពអង់គ្លេស ដោយអតីតមេដឹកនាំសហភាពសូវៀត លោក Nikita Khrushchev ខណៈវាគឺជាសញ្ញាថ្មីមួយទៀតបង្ហាញពីភាពដុនដាបកាន់តែខ្លាំង នៃទំនាក់ទំនងរវាងរុស្ស៉ីនិងលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្កជាការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ខ្លាំងជាងពេលណា​ទាំងអស់រវាងទីក្រុងមូស្គូ និងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២មក។ កិច្ចព្រមព្រៀងនេសាទខែឧសភា ឆ្នាំ១៩៥៦ ត្រូវបានចុះហត្ថលេខាក្នុងទីក្រុងឡុងដ៍របស់អង់គ្លេស នៅចំណុចប្រែប្រួលសំខាន់មួយ អំលុងសម័យសង្រ្គាមត្រជាក់ គឺលោក Khrushchev នាឆ្នាំនោះ បានថ្កោលទោសអតីតមេដឹកនាំសូវៀត លោក Josef Stalin និងស្នើចង់រស់នៅដោយសន្តិភាពជាមួយលោកខាងលិច ហើយថែមទាំង​បានបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ទៀតផង។

គួរបញ្ជាក់ថា ដោយឡែក បច្ចុប្បន្នប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចាត់ទុកសហរដ្ឋអាមេរិក និងក្រុមប្រទេសលោកខាងលិចដទៃទៀត ជាពួកចក្រពត្តិនិយមដែលចង់បំផ្លិចបំផ្លាញប្រទេសរុស្ស៉ី ហើយប្លន់យកធនធានធម្មជាតិរបស់រុស្ស៉ី ខណៈលោកខាងលិចចាត់ទុក​លោក ពូទីន ជាឃាតក និងប្រទេសរុស្ស៉ីជាសត្រូវ។ កិច្ចព្រមព្រៀងនេសាទឆ្នាំ១៩៥៦ អនុញ្ញាតឱ្យទូករបស់អង់គ្លេសចូលទៅ​កាន់ តំបន់សម្បូរត្រីនៃសមុទ្រ Barents, ក្បែរឆ្នេរឧបទ្វីប Kola និងតាមបណ្តោយឆ្នេរកោះ Kolguyev៕

រូបភាពពី RT